ពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

Detail Top Banner

រាជធានីភ្នំពេញ៖ រសៀលថ្ងៃ២២ ខែឧសភា ឆ្នាំ២០២៤ សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បានប្រារព្វពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលដំណើរការប្រកួតអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានមានប្រសាសន៍ថា ពិតជាមានក្តី រីករាយជាពន់ពេក ដែលបានឃើញពីការបញ្ចេញ អស់ពីសមត្ថភាពរបស់ក្មួយៗកីឡាករ កីឡារិនីវ័យក្មេងៗ ប្រកបដោយក្តីសង្ឃឹម ដែលជាអ្នកបន្តវេនកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលជាទំពាំងស្នងឫស្សី ដោយបង្ហាញសមត្ថភាពល្អសឹងមិនគួរឲ្យជឿ ។

អ្នកបន្តវេនទាំងអស់នឹងបន្តត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយជូនជាតិក្នុងកម្រិតអាស៊ី និងពិភពលោក នាថ្ងៃអនាគត ទាំងអស់ខាងលើនេះយើងមិនអាចភ្លេចនូវការដឹងគុណចំពោះសម្តេចតេជោ អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ ផ្ដល់ការជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូ ITF កម្ពុជា ក៏ដូចជាគ្រប់ប្រភេទកីឡាទាំងអស់។
ឯកឧត្តមប្រធានសហព័ន្ធ មានមោទនភាព និងសេចក្ដីរីករាយឥតឧបមា ចំពោះវិស័យកីឡាតេក្វាន់ដូ ITF កម្ពុជាពិតមានការតស៊ូ ក្រាញននៀលពីគ្រូជើងចាស់ៗមួយចំនួន ធ្វើការពង្រឹងពង្រីកដែលចាប់ពីចំនួនកីឡាករ កីឡាការិនីត្រឹមតែបី ទៅបួននាក់ រហូតរីកដុះដាលកីឡាករ កីឡាការិនីជាបន្ដបន្ទាប់ ពិសេសក្មួយៗតូចៗ ដែលជាថ្នាលសម្រាប់បន្ដវេនទៅថ្ងៃអនាគតគួរជាទីអបអរសាទរ និងថ្លែងអំណរគុណចំពោះមាតាបិតា ដែលតែងតែគាំទ្រដល់កីឡាតេក្វាន់ដូ ITF ស័ក្ដិសមដូចពាក្យស្លោកថា «អរគុណសន្ដិភាព កីឡារស់ក្នុងសន្ដិភាព» ជាការពិតបើគ្មានសន្ដិភាពយើងមិនអាចពង្រឹងបណ្ដុះមនុស្សបន្ដវេនបានទេ ព្រោះបើជីវភាពលំបាកលំបិន គ្មានការហ្វឹកហាត់បានពេញលេញនោះទេ ទៅប្រកួតនៅក្រៅប្រទេសគ្រាន់តែដើម្បីឱ្យគេវាយប៉ុណ្ណោះ ប៉ុន្ដែយើងមានសន្ដិភាព យើងមានឱកាសពេញលេញក្នុងការអភិវឌ្ឍលើគ្រប់វិស័យ មានពេលវេលាគ្រប់គ្រាន់ក្នុងការហាត់ហ្វឹកហ្វឺនមិនទន់ៗ ជ្រាយៗទៀតទេគឺយើងវាយគេវិញ សកម្មភាពប្រកួតថ្ងៃនេះក៏គឺជាការត្រៀមលក្ខណៈសម្បត្តិក្នុងការចូលរួមប្រកួតលក្ខណៈអន្ដរជាតិនានានៅថ្ងៃខាងមុខផងដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងសូមថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ដវេនពីសម្ដេចតេជោ ដែលបានលើកស្ទួយដល់ចរន្ដកីឡា ដែលធ្វើឱ្យផុលផុស មានកិត្តិយស មានមុខមានមាត់ដោយឡែកតេក្វាន់ដូ ITFរបស់យើងសូមឱ្យក្មួយៗទាំងអស់ គោរពថ្លែងអំណរគុណជូនលោកពីចម្ងាយ។


ឯកឧត្តមប្រធានបានធ្វើការវាយតម្លៃខ្ពស់ថា ពិសេសក្រុមជម្រើសជាតិលើបញ្ហាល្បឿនមិនល្អទាក់ទងនឹងបច្ចេកទេសនៅមានលក្ខណៈមិនសូវរហ័សរហួន ដែលជាការព្រួយបារម្ភ ពីព្រោះក្នុងខែ៨ សហព័ន្ធមានគម្រោងបញ្ជូនកីឡាករ កីឡាការិនីទៅចូលរួមប្រកួតនៅប្រទេសឥណ្ឌាត្រូវទាមទារការខិតខំហ្វឹកហាត់ឱ្យមុតស្រួចចាប់ពីពេលនេះតទៅនឹងសូមសំណូមពរកីឡាករ កីឡាការិនី ធ្វើយ៉ាងខិតខំប្រឹងប្រែងនាំយកកិត្តិយសមកជូនជាតិមាតុភូមិរបស់យើងនៅពេលត្រឡប់មកពីប្រទេសឥណ្ឌាវិញ។
ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាក៏បានបញ្ជាក់ក្នុងរបាយការណ៍ថា កីឡាតេក្វាន់ដូ ITF មានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសមកពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តចំនួន ៧រួមមាន វិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្រ្តខេត្តកំពង់ស្ពឺ សាកលវិទ្យាល័យឡាយហ្វខេត្តព្រះសីហនុ សាកលវិទ្យាល័យវេស្ទើនខេត្តកំពង់ចាម សាកលវិទ្យាល័យអាស៊ីអឺរ៉ុប វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល សាកលវិទ្យាល័យវេស្ទើន និងសាកលវិទ្យាល័យស្វាយរៀង ក្នុងនោះមានមន្រ្តីបច្ចេកទេស២០រូប ប្រតិភូ ២១នាក់ កីឡាករ ៣០នាក់ កីឡាការិនី ២២នាក់ លើ ១៣វិញ្ញាសា ចែកចេញជាពីរផ្នែកគឺ ផ្នែកមេគុនមាន ៤វិញ្ញាសា និងផ្នែកប្រយុទ្ធ ៩វិញ្ញាសាប្រកួតតាមរូបមន្ដវិលជុំ និងជម្រុះមាន ១២៩ប្រកួត។
ក្រោយការប្រកួតយ៉ាងស្វិតស្វាញលើវិញ្ញាសាចំនួន១៣ ជ័យលាភីបានទៅលើ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប មេដាយមាស ៤ ប្រាក់ ២ សំរឹទ្ធិ ៤ វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល មេដាយមាស ៤ ប្រាក់ ២ សំរឹទ្ធិ ៣ សាកលវិទ្យាល័យវេស្ទើនខេត្តកំពង់ចាម មេដាយមាស ២ ប្រាក់ ២ សំរឹទ្ធិ ១ សាកលវិទ្យាល័យវេស្ទើនមេដាយមាស ១ ប្រាក់ ៣ សំរឹទ្ធិ ៤ វិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្រ្តខេត្តកំពង់ស្ពឺមេដាយមាស ១ ប្រាក់ ២ សំរឹទ្ធិ ៤ សាកលវិទ្យាល័យឡាយហ្វខេត្តព្រះសីហនុមេដាយមាស ១ ប្រាក់ ២ សំរឹទ្ធិ ២ និងសាកលវិទ្យាល័យស្វាយមេដាយសំរឹទ្ធិ ៤៕

You might also like