គោរមៈ ចាន់រាជ រំពឹងការបង្ហាញវត្តមានលើកទី១ ក្នុងគុនចម្រុះជើងឯកអាស៊ីនៅកម្ពុជាដណ្តើមបានមេដាយលើកមុខមាត់ប្រទេស

Detail Top Banner

ភ្នំពេញ៖ទើបតែអាយុ១៧ឆ្នាំ ក្រោយលេចធ្លោនៅក្នុងវិស័យគុនខ្មែរ គោរមៈ ចាន់រាជ ដែលមានឈ្មោះដើម «ផេង សុបញ្ញា» ត្រូវបានផ្តល់ឱ្យកាសចូលប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ នៅលើទឹកដីកម្ពុជា នាពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៤។

អ្នកស្នងគុនខ្មែរ វ័យក្មេងបានរៀនរាប់ថា សម្រាប់ការប្រឡូកនៅក្នុងកម្មវិធីប្រកួតគុនចម្រុះនេះ គឺជាលើកទី១ អារម្មណ៍នៅក្នុងចិត្តរំភើបផងនិងលាយឡំជាមួយនិងការភ័យខ្លាចខ្លះផងដែរ ព្រោះគុនចម្រុះខុសពីការប្រកួតគុនខ្មែរ ដោយមានទាំងការវាយ និងកាច់ក្លេគ្នាថែមទៀតផង ដែលទាមទារការប្រើកម្លាំងបច្ចេកទេសខ្លាំង ។ តែទោះជាបែបនេះក្តី បញ្ញា រំពឹងខ្ពស់ថា ការប្រកួតប្រជែងនៅលើទឹកដីខ្លួនឯង នឹងធ្វើបានល្អ ប្រជែងដណ្តើមបានមេដាយកម្រិតណាមួយជូនកម្ពុជាជាក់ជាមិនខាន ដ្បិតការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំមួយនេះ គឺប្រឹងអោយអស់ពីកម្លាំងកាយចិត្ត។ជុំវិញការប្រកួតខាងលើនេះ ពន្លកថ្មីគុនខ្មែររូបនេះ ក៏បានអំពាវនាវឱ្យអ្នកគាំទ្រគុនខ្មែរទាំងអស់ចូលរួមទស្សនាគាំទ្ររូបគេ និងកីឡាករកីឡាការិនីកម្ពុជាដែលមានវត្តមានប្រកួតតំណាងឱ្យប្រទេសកម្ពុជាមកចូលរួមទស្សនាលើកទឹកចិត្តឱ្យបានច្រើនកុះករនៅកន្លែងប្រកួត ដើម្បីជាការលើកទឹកចិត្ត និងធ្វើឱ្យកីឡាករកីឡាការិនីយើងកាន់តែមានកម្លាំងចិត្តប្រកួត។

ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាមានសមាសភាពកីឡាករគុនខ្មែរល្បីៗចូលរួមជាច្រើន ក្នុងនោះ សមាសភាពកីឡាករ ផេង សុបញ្ញា ត្រូវប្រកួតលើប្រភេទទម្ងន់៥៦គីឡូក្រាម ដោយប្រជែងជាមួយជើងខ្លាំងមកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី៕

You might also like