ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ជំរុញលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធ កីឡាករ កីឡាការិនីបន្តការខិតខំឱ្យបានខ្លាំងក្លា

Detail Top Banner

ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានជំរុញលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធ កីឡាករ កីឡាការិនីសូហ្វតិន្នីសកម្ពុជាបន្តការខិតខំឱ្យបានខ្លាំងក្លា ដើម្បីជំរុញសិទ្ធផលនៃជំនាញកីឡាមួយនេះឱ្យដើរទៅមុខប្រកបដោយចក្ខុវិស័យច្បាស់លាស់។

ការជំរុញលើកទឹកចិត្ត របស់ឯកឧត្តមប្រធាន បានធ្វើឡើងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ឯកឧត្តម សរ សិទ្ធិ បានមានប្រសាសន៍ថា ចាប់តាំងពីឯកឧត្តមឡើងមកដឹកនាំជាប្រធានសហព័ន្ធ ឯកឧត្តមសង្កេតឃើញថា វិស័យកីឡាសូហ្វតិន្នីសកម្ពុជាមានដំណើរការវិវត្តន៍ទៅមុខយឺតណាស់ ក្នុងនោះផ្នែកបុរសឃើញមានការដើរលឿនជាងផ្នែកនារី។ ប្រធានសហព័ន្ធបានសង្កត់ធ្ងន់ថា ការលេងរបស់ផ្នែកកីឡាករមានភាពស្ទុះទៅមុខលឿនជាងផ្នែកនារី ដោយផ្នែកនារីមិនមែនថា មិនដើរទៅមុខទេ ប៉ុន្តែគឺដើរទៅមុខយឺតណាស់។ ដូច្នេះឯកឧត្តម សរ សិទ្ធិ បានជំរុញលើកទឹកចិត្តឱ្យប្រឹងប្រែងហ្វឹកហាត់ សម្រួចទៅរកគោលដៅឱ្យបានច្បាស់លាស់ ដោយការហ្វឹកហាត់នេះត្រូវដើរទន្ទឹមគ្នាជាមួយនឹងចំណេះដឹងបច្ចេកទេស បូករួមទាំងភាពក្លាហាន។ យ៉ាងណា ឯកឧត្តមប្រធានសហព័ន្ធក៏បានជំរុញលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធ កីឡាករ កីឡាការិនីសូហ្វតិន្នីសកម្ពុជាបន្តការខិតខំឱ្យបានខ្លាំងក្លា ដើម្បីជំរុញសិទ្ធផលនៃជំនាញកីឡាមួយនេះឱ្យដើរទៅមុខប្រកបដោយចក្ខុវិស័យច្បាស់លាស់។

បើតាមឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ឆ្នាំ២០២៤ បានដំណើរការ៥ថ្ងៃ ដោយមានសិក្ខាកាម ២៦នាក់ ក្រោមការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេស គឺលោក OGIWARA MASATO គ្រូបង្វឹកអន្តរជាតិ និងលោក យី សារិន គ្រូបង្វឹកជាតិ។ ចំពោះលទ្ធផល គឺសិក្ខាកាមទទួលបាននិទ្ទេសល្អ ៧៥ %, ល្អបង្គួរ ១៥ % និងមធ្យម ១០%។ឯកឧត្តម យិត ភីរៈ បន្ថែមថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាព និងបង្កើនធនធានមនុស្ស លើផ្នែកមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលកីឡាសូហ្វតិន្នីស ដើម្បីកាត់សេចក្តីក្នុងការប្រកួតឱ្យមានភាពសុក្រឹត្យ និងយុត្តិធម៌ និងត្រៀមចូលរួមចំណែកដឹកនាំការប្រកួត។ ក្នុងនាមសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាសូមប្តេជ្ញា និងបន្តរក្សាការខិតខំប្រឹងប្រែងលើគ្រប់ការងារទាំងអស់ រួមទាំងការបណ្តុះបណ្តាលនេះផងដែរ ជាពិសេសពង្រឹងនូវវិស័យប្រភេទកីឡាមួយនេះឱ្យកាន់តែមានការអភិវឌ្ឍសមត្ថភាព ទៅមុខបន្ថែមទៀត ទាំងកីឡាករ កីឡាការិនី និងក្រុមមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលឱ្យទទួលបានគុណផលកាន់តែខ្ពស់ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់៕

You might also like