ក្រុមប្រតិភូ អត្តពលិកកីឡាសិស្សកម្ពុជាលើ៤ប្រភេទ បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញ
នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រតិភូ អត្តពលិកកីឡាសិស្សកម្ពុជាលើ៤ប្រភេទ បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មពីការចូលរួមការប្រកួត កីឡាសិស្សអាស៊ានលើកទី១៣ ASEAN School Games នៅប្រទេសវៀតណាម។
ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ។
ឯកឧត្តម ព្រំ ប៊ុនយី នាយបេសកម្មដឹកនាំក្រុមអត្តពលិកកីឡាសិស្សកម្ពុជា បានអោយដឹងថា សម្រាប់ព្រឹត្តិការណ៍កីឡាសិស្សអាស៊ានឆ្នាំ២០២៤ គឺជាការប្រកួតលើកទី១៣ហើយ ដោយធ្វើការប្រកួតលើ៦ប្រភេទកីឡា ប៉ុន្តែកម្ពុជាទើបតែបានចូលរួមបានចំនួន៦លើកប៉ុណ្ណោះ នឹងបានបញ្ជូនអត្តពលិកសរុប៤០នាក់ លើ៤ប្រភេទកីឡាទៅចូលរួមមានដូចជា អត្តពលិកម្ម ហែលទឹក វាយសី និងវ៉ូវីណាម ។ ឯកឧត្តម បញ្ជាក់ថា ជាលទ្ធផលក្នុងចំណោម៤ប្រភេទកីឡា មានតែប្រភេទកីឡា វ៉ូវីណាម ប៉ុណ្ណោះដែលប្រជែងបានមេដាយ ខណៈ៣ប្រភេទកីឡាផ្សេងទៀតមិនដណ្តើមបានមេដាយអ្វីនោះទេ តែបានសិទ្ធផលល្អប្រសើជាងការប្រកួតប្រជែងក្នុងស្រុកនាពេលកន្លងទៅ ។ នាយបេសកម្មដឹកនាំ រូបនេះ បានចាត់ទុកសម្រាប់ការចូលរួមលើកនេះ ជាសមិទ្ធផលដ៏ល្អថ្មីបន្ថែមទៀត ដែលកីឡាសិស្សរបស់កម្ពុជាអាចស្វែងរកបានមេដាយមាស ព្រោះការចូលរួមកន្លងមកមិនធ្លាប់ទទួលបានលទ្ធផលល្អបែបនេះឡើយ ខណៈការចូលកាលពីអំឡុងឆ្នាំ២០១៦ កម្ពុជាទទួលបានត្រឹមមេដាយសំរឹទ្ធ១គ្រឿងប៉ុណ្ណោះ ។
សម្រាប់ការប្រកួត កីឡាសិស្សអាស៊ានលើកទី១៣ ASEAN School Games នៅប្រទេសវៀតណាមនេះ កម្ពុជាឈរចំណាត់ថ្នាក់លេខ៧ ទទួលបានមេដាយ មាស២គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៦គ្រឿង ដណ្តើមបានដោយអត្តពលិកកីឡា វ៉ូវីណាម ។ ចំពោះការប្រកួត កីឡាសិស្សអាស៊ានលើកទី១៤ ASEAN School Games ឆ្នាំក្រោយនឹងធ្វើនៅប្រទេស ប្រ៊ុយណេ ៕