ក្រោយបាត់មុខពីបាល់ទាត់ច្រើនឆ្នាំលោក សំ វ៉ាន់ដេត បង្ហើបពីស្រមៃចង់ចូលដឹកនាំជម្រើសជាតិកម្រិតយុវជន និង…
លោក សំ វ៉ាន់ដេត បច្ចុប្បន្នជាអ្នកគ្រប់គ្រង និងជានាយកបច្ចេកទេសសាលាបាល់ទាត់ខេត្តស្វាយរៀងបង្ហើបពីក្ដីស្រមៃចង់ចូលដឹកនាំក្រុមបាល់ទាត់កម្រិតយុវជនរបស់កម្ពុជា ដែលមានយុវជនក្រោម១៩ឬយុវជនក្រោម២៣ ឆ្នាំសម្រាប់ការព្រឹត្តិការណ៍ស៊ីហ្គេមជាដើម មួយទៀតលោកក៏បើកភ្លើងខៀវក្នុងការបង្ហាញពីចេតនាចង់ចូលដឹកនាំក្រុមបាល់ទាត់ឡើងវិញប្រសិនបើមានឱកាសណាមួយ។
គេនៅចាំបានថាអតីតគ្រូបង្គោលរបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងលោក សំ វ៉ាន់ដេត បានចាកចេញពីតំណែងជាគ្រូបង្គោលនាឆ្នាំ២០១៨ ក្រោយពេលលោកជួយឲ្យក្រុមនេះគ្រងជើងឯកពានរង្វាន់សម្ដេចឆ្នាំ២០១៧។ ក្រោយចាកចេញពីការដឹកនាំក្នុងនាមជាគ្រូធំលោកក៏បានទៅជួយការងារជាគ្រូបង្គោលស្ម័គ្រចិត្តរបស់ក្រុមបាល់ទាត់អាស៊ីអឺរ៉ុបនៅឆ្នាំ២០១៩ ជាពេលដែលលោកកំពុងសិក្សាយកគ្រូកម្រិត A License ។
រហូតមកដល់ពេលនេះលោកបានបញ្ចប់ការសិក្សាយកគ្រូកម្រិត A License បានរយៈពេល៣ឆ្នាំមកហើយ ក៏ជាពេលដែលលោកបង្ហើបពីក្ដីស្រមៃក្នុងការងាកចូលដឹកនាំក្រុមបាល់ទាត់វិញ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលោកបានប្រាប់ឲ្យដឹងថា «…បច្ចុប្បន្ននៅតាមក្រុមធំៗនៅក្នុងវិស័យបាល់ទាត់កម្ពុជាយើងខ្ញុំសម្គាល់ឃើញថា គ្រូបរទេសគេតែងមានក្រុមការងាររបស់គេ ហើយគេមកដឹកនាំក្រុមនៅកម្ពុជាយើងគេមានក្រុមការងាររបស់គេពេញលេញ។ ហេតុដូច្នេះប្រសិនបើខ្ញុំចង់ទៅដឹកនាំក្រុមធំៗណាមួយតែឯងហាក់ដូចជាទៅរកភាពលំបាកមួយសម្រាប់ខ្លួនឯង ដូច្នេះបើសិនមានឱកាសបានប្រលូកម្ដងទៀតខ្ញុំចូលរួមការងារជាមួយសហព័ន្ធបាល់ទាត់កម្ពុជាវិញគឺក្នុងនាមជាគ្រូជម្រើសជាតិក្រុមយុវជនវិញ។ នេះជាបំណង និងជាអ្វីដែលខ្ញុំចង់គឺចង់ឃើញបាល់ទាត់ខ្មែរយើងខ្លាំង ព្រោះថាបើសិនខ្ញុំមានឱកាសកាន់ពីយុវជនទៅខ្ញុំអាចជោគជ័យច្រើនតាមរយៈបទពិសោធធ្វើការងារជាមួយបាល់ទាត់ច្រើនឆ្នាំ។ ខ្ញុំមានក្ដីស្រមៃដឹកនាំឈុត១៩ ឬឈុត២១ និង២៣សម្រាប់ស៊ីហ្គេមដែលវាជាក្ដីស្រមៃរបស់ខ្ញុំ»។
លោកបានបន្ថែមទៀតថា «បើសិនយើងចង់ជោគជ័យនៅឈុតធំតែម្ដងគឺមិនអាចទេ ផ្ទុយទៅវិញវានឹងអាចប៉ះពាល់ដល់លទ្ធផលណាស់ ព្រោះថាយើងមិនបានសាងពីកម្រិតក្រោមមកការស្វែងរកលទ្ធផលល្អគឺពិបាក។ ដូច្នេះខ្ញុំសំឡឹងឃើញថាបើសិនយើងបានសាងក្មេងពីឈុតក្រោមទៅជារឿងដែលល្អបំផុត»។ ទាក់ទងរឿងយុទ្ធសាស្ត្រដឹកនាំប្រសិនបើបានឱកាសចូលប្រលូកម្ដងទៀត ដោយផ្ដោតទៅលើកម្រិតយុវជនលោកលើកឡើងថា តាមរយៈការពឹងផ្អែកទៅលើបទពិសោធការងារដោយសារធ្លាប់ជាកីឡាករ គ្រូបង្វឹក និងការសិក្សាវគ្គយ៉ាងច្រើនកន្លងមកលោកអាចចែករំលែកបានថា ភាពជោគជ័យសម្រាប់បាល់ទាត់ទៅលើក្រុមមួយគឺត្រូវការពេលយ៉ាងហោចណាស់ក៏៣ឆ្នាំដែរ ដើម្បីរៀបចំពីក្មេងៗទៅ ហើយក្នុងនោះទៀតសោតគឺត្រូវពឹងផ្អែកលើកត្តាវិជ្ជាសាស្ត្រឲ្យបានច្រើនផងដែរ។ ងាកមកកាន់ចេតនាក្នុងការភ្លើងខៀវចូលដឹកនាំក្លិបបាល់ទាត់វិញ លោកក៏បានបង្ហើបដែរថា កន្លងមកមានក្លិបមួយចំនួនបានទាក់ទងលោកឲ្យទៅដឹកនាំក្រុមដែរ ប៉ុន្តែមិនអាចទៅបាន ដោយលោកអះអាងថា ត្រូវឆ្លងកាត់ការអនុញ្ញាតពីលោកប្រធានក្រុមបាល់ទាត់ស្វាយរៀងជាមុនសិន ព្រោះកន្លងមកលោកទទួលបានការទំនុកបំរុងយ៉ាងខ្លាំងពីប្រធានក្លិបមួយនេះក្នុងពេលកន្លងមកមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ទោះបីជាយ៉ាងណាប្រសិនបើប្រធានក្លិបលោកសម្រេចឲ្យទៅដឹកនាំក្រុមណាលោកក៏រីករាយបើទោះក្លិបនោះស្ថិតនៅលីគទីប៉ុន្មានដែលនេះជាការដឹងគុណមួយទៅកាន់លោកប្រធានក្លិបព្រះខ័នរាជស្វាយរៀង។ ហេតុដូច្នេះបើសិនក្រុមណាមួយចង់ឲ្យលោកទៅដឹកនាំគឺត្រូវទៅសុំប្រធានក្លិបរបស់ព្រះខ័នរាជស្វាយរៀង ដែលនេះជាការបើកផ្លូវមួយដែរប្រសិនបើនៅស្រលាញ់ការដឹកនាំរបស់លោក។
គូរបញ្ជាក់ថា លោក សំ វ៉ាន់ដេត ចូលជាកីឡាកររបស់ស្វាយរៀងនាឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០០១លោកក៏ចាប់ផ្ដើមធ្វើជាគ្រូជំនួយ និងឡើងកាន់ក្រុមធំ