ព្រឹត្តិការណ៍ប៉ារ៉ាប៊ូលីង នៅកម្ពុជាលើកដំបូង នឹងចាបផ្តើមពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤នេះ
ការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ ឆ្នាំ២០២៤ (Cambodia Open Para Bowling Championships 2024) ជាលើកដំបូង ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ជាលើកដំបូង មាន៩ប្រទេសចូលរួមប្រកួតប្រជែងមេដាយ ពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានប្រូប៊ូលស្ព័រ នៃខាលែនឌែលម៉ល រាជធានីភ្នំពេញនឹងបង្កើតបាននូវឱកាសថ្មីនៃគោដៅចម្បងៗបន្តឆ្ពោះទៅរកគោលដៅចូលរួមប្រកួតកីឡាប៊ូលីងមានពិការភាពអន្តរជាតិនានា នាពេលខាងមុខ ជាពិសេសគោលដៅត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម នាឆ្នាំ២០២៩ នៅព្រះរាជណាចក្រកម្ពុជា បន្ទាប់ពីបញ្ចប់ការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ ដូចគ្នា។
នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្តាហ៍នេះ នៅទីស្នាក់ការ គណៈកម្មាធិការជាតិប៉ាឡាំពិកកម្ពុជា ក្រោមវត្តមានពីលោក ឆាយ កៀក អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូលីងកម្ពុជា និង លោក យី សុភ័ក្ត្រា អគ្គលេខាធិការរង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
លោក ឆាយ កៀក អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូលីងកម្ពុជា បានថ្លែងថា សម្រាប់ការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ ឆ្នាំ២០២៤ (Cambodia Open Para Bowling Championships 2024) ពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងធំៗចំនួន៤ គឺទី១.ផ្សព្វផ្សាយកីឡាប៊ូលីងនៅកម្ពុជា ទី២. បង្ហាញពីការត្រៀមខ្លួនរបស់អត្តពលិកកម្ពុជាយើងសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ទី៣. ជាការផ្សារភ្ជាប់មិត្តភាពសាមគ្គីភាពរវាងកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់អាស៊ី និងទី៤. ជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីមានពិការភាពកម្ពុជា ដែលមានសមត្ថភាពបានប្រកួតប្រជែងជាមួយកីឡាករបរទេស ដើម្បីបង្ហាញទេពកោសល្យ និងបានអភិវឌ្ឍខ្លួនឱ្យមានគុណភាព ឆ្ពោះទៅការប្រកួតអន្តរជាតិនានា នាពេលខាងមុខ។
លោកអគ្គលេខាធិការរំពឹងថា ការប្រកួតអន្តរជាតិ នៅកម្ពុជា ឆាប់ៗនេះ នឹងមានកីឡាករ កីឡាការិនីប៉ារ៉ាកម្ពុជា នឹងអាចដណ្តើមានមេដាយកម្រិតណាមួយយកមកជូនកម្ពុជា ជាក់ជាមិនខាន ទោះបីអត្តពលិកមានពិការភាពកម្ពុជាទើបចាប់ផ្តើមហ្វឹកហាត់ រយៈពេលខ្លីក៏ដោយ។ ការវាយតម្លៃពីអ្នកជំនាញប៊ូលីងអន្តរជាតិ ដែលចុះមកពិនិត្យ កាលពីកន្លងទៅថ្មីនេះ ក៏កោតសរសើរ និងវាយតម្លៃខ្ពស់ថា អត្តពលិកពិការកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងអភិវឌ្ឍសមត្ថភាពបានយ៉ាងលឿនគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ លោក យី សុភ័ក្រ្តា អគ្គលេខាធិការរង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតកីឡាប៊ូលីងប៉ារ៉ាជាលក្ខណៈអន្តរជាតិ លើកដំបូងនេះ បានផ្តល់ឱកាសដល់កីឡាករ កីឡាការិនីប៉ារ៉ាកម្ពុជាបានដកស្រង់បទពិសោធន៍ និងពង្រឹងសមត្ថភាពឆ្ពោះទៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ។ លោកបានចាត់ទុកថា ការទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង គឺជាការបើកទំព័រថ្មីបង្ហាញពីប្រភេទកីឡាប៊ូលីងផ្សព្វផ្សាយដល់កីឡាករ កីឡាការិនីមានពិការភាពវ័យក្មេងងាកមកលេងកីឡាប៊ូលីង ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា ការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍អន្តរជាតិនេះមាន១០ក្រុម-ប្រទេសចូលរួមប្រកួតប្រជែងមេដាយជូនជាតិរៀងៗខ្លួន ដោយមានដូចជាអត្តពលិកមានពិការភាពមកពីប្រទេសថៃ ចិន ចិនហុងកុង ជប៉ុន កូរ៉េ ឥណ្ឌា ម៉ាឡេស៊ី សាធារណរដ្ឋឆេក ហ្វីលីនពីន និងម្ចាស់ផ្ទះកម្ពុជា ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសសរុប ចំនួន ១៤២នាក់។ ចំពោះម្ចាស់ផ្ទះកម្ពុជាបានត្រៀមកីឡាករ កីឡាការិនី៨នាក់ ក្នុងនោះកីឡាករ៤នាក់ និងកីឡាការិនី៤នាក់ ដែលហ្វឹកហាត់និងជម្រុះចេញពីក្នុងចំណោមកីឡាករ កីឡាការិនីសរុប ២០នាក់៕