ជើងខ្លាំង ៤ ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតពានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ននៅស្រុកខ្សាច់កណ្តាល
ខេត្តកណ្ដាល ៖ ការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៤ នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានរកឃើញជើងខ្លាំង ៤ ក្រុម ត្រូវឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមនីមួយៗយកឈ្នះលើគូប្រកួតរៀងៗខ្លួន។
សម្រាប់ក្រុមដែលត្រូវឡើងទៅកាន់វគ្គបន្តរួមមាន ៖ ក្រុមបាល់ទាត់យុវជន ឃុំសន្លុង បានយកឈ្នះក្រុមបាល់ទាត់យុវជន ឃុំជ័យធំ ក្នុងលទ្ធផល ៣ទល់នឹង ២ , ក្រុមបាល់ទាត់យុវជន ឃុំព្រែកតាមាក់ បានចាញ់ក្រុមបាល់ទាត់យុវជន ឃុំវិហារសួគ៌ ក្នុងលទ្ធផល ០ទល់នឹង ១ , ចំពោះក្រុមបាល់ទាត់យុវជន ឃុំកោះចូរ៉ាម បានយកឈ្នះលើក្រុមបាល់ទាត់យុវជន ឃុំស្វាយរមៀត ក្នុងលទ្ធផល ២ទល់នឹង ០ , និងក្រុមបាល់ទាត់យុវជន ឃុំពុកប្ញស្សី បានយកឈ្នះក្រុមបាល់ទាត់យុវជន ឃុំរកាជន្លឹង ក្នុងលទ្ធផល ៥ទល់នឹង០ ។ ចំពោះប្រកួតបន្ទាប់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមបាល់ទាត់យុវជន ឃុំសន្លុង ត្រូវប៉ះជាមួយ ក្រុមបាល់ទាត់យុវជន ឃុំវិហារសួគ៌ រីឯក្រុមបាល់ទាត់យុវជន ឃុំកោះចូរ៉ាម ជួបនឹងក្រុមបាល់ទាត់យុវជន ឃុំពុកប្ញស្សី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល។ ការប្រកួតនេះស្រុកខ្សាច់កណ្តាល រៀបចំឡើង ក្នុងគោលបំណងផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត មិនអាចខ្វះបានឡើយ ។
ដោយមានការយកចិត្តទុកដាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញ ណែនាំដល់ក្រុមការងារស្រុក អោយរៀបចំ បង្កើតក្រុមកីឡាយុវជន នៅឃុំទាំង១២ ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមានកម្មវិធីប្រកួត ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ៕