ក្រុមប្រតិភូកីឡាតេក្វាន់ដូ WT អត្តពលកម្ម និងការ៉ាតេកម្ពុជាបន្តចេញដំណើរចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ នៅឥណ្ឌូណេស៊ី
ភ្នំពេញ ៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រតិភូអត្តពលិកកម្ពុជាចំនួន ៣ ប្រភេទកីឡា បានចាកចេញពីប្រទេសកម្ពុជា តាមជើងហោះហើរអន្តរជាតិភ្នំពេញ ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) នៅឥណ្ឌូណេស៊ី។
សម្រាប់ការចេញដំណើរការប្រកួតខាងលើនេះមាន ៣ ប្រភេទរួមមានកីឡាតេក្វាន់ដូ WT កីឡាការ៉ាតេ និងកីឡាអត្តពលកម្ម ១៦ នាក់ ។ ប្រភេទកីឡាតេក្វាន់ដូ WT ៖ គ្រូបង្វឹក ១រូប អាជ្ញាកណ្តាល ITOs ០១រូប កីឡាករ ២រូប និងកីឡាការិនី ២រូប សរុបចំនួន ០៦រូប លើវិញ្ញាសា នារីប្រយុទ្ធ ៤៩ គីឡូក្រោម និងប្រយុទ្ធ ៥៧គីឡូក្រោម និងបុរសប្រយុទ្ធ ៨០ គីឡូក្រោម និងមេគុនឯកត្តជន។
ចំណែកកីឡាអត្តពលកម្ម ៖គ្រូបង្វឹក ១រូប និងកីឡាករ ០៣រូប សរុបចំនួន ០៤រូប លើវិញ្ញាសារត់ល្បឿន ៤០០ ម៉ែត្របុរស លោតកម្ពស់បុរស និងរត់ល្បឿនមធ្យម ៥០០០ ម៉ែត្របុរស។ ការ៉ាតេ៖ គ្រូបង្វឹក ០១រូប អាជ្ញាកណ្តាល ITOs ០១រូប និងកីឡការិនី ០៣រូប សរុបចំនួន ០៥រូប៖ លើវិញ្ញាសា នារី Kata – Team, Kata – Individual, Kunmite 55kg and Below, Female Team Kunmite, Kunmite 68kg and Below។
ប្រទេសកម្ពុជាបានបញ្ជូនប្រតិភូសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាចំនួន ៤៥រូប ព្រមទាំងកីឡាករ-កីឡាការិនី ចំនួន ៦ ប្រភេទកីឡាទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី៕