ឯកឧត្តម យិត ភីរ: ៖ ភាពជោគជ័យរបស់ទូកនាគនៅរុស្ស៊ី ជាការបង្ហាញពីសក្ដានុពលក្នុងការប្រជែងមេដាយនៅស៊ីហ្គេម
ឯកឧត្តមឧត្តមសេនីយ៍ឯក យិត ភីរ: អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជាបានលើកយកពីភាពរីកចម្រើនរបស់ក្រុមកីឡាករទូកកានូ និងរ៉ូអ៉ីង កម្ពុជាថា ភាពជោគជ័យក្នុងការទទួលបានមេដាយមាស១គ្រឿង និងសំរឹទ្ធពីរគ្រឿងពីការប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ី ក្នុងព្រឹត្តិការណ៍ (International Dragon Boat Festival) គឺជាផ្លូវមួយបង្ហាញពីភាពខ្លាំងរបស់កម្ពុជា និងកាន់តែមានទំនុកចិត្តក្នុងការប្រជែងយកមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសថៃឆ្នាំ២០២៥។
ឯកឧត្ដមបានគួសបញ្ជាក់ថា «…ភាពជោគជ័យនាពេលនេះបានមកពីការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាករទូកកានូ និងរ៉ូអ៉ីងកម្ពុជា។ យើងទៅប្រកួតនៅប្រទេសរុស្ស៊ីក្នុងព្រឹត្តិការណ៍ខាងលើវាជាការតេស្ដសមត្ថភាពមួយដ៏មានសារសំខាន់ ដើម្បីឲ្យដឹងថាតើកម្រិតសមត្ថភាពរបស់យើងនៅកម្រិតណា ដើម្បីងាយស្រួលឲ្យយើងពង្រឹងសមត្ថភាពបន្ថែមទៀត ពិសេសនោះគឺស្វែងរកចន្លោះប្រហោងដើម្បីបំពេញក្នុងគោលដៅធំគឺដើម្បីធ្វើយ៉ាងណាប្រជែងមេដាយជូនជាតិឲ្យបានក្នុងការប្រកួតស៊ីហ្គេមនាឆ្នាំក្រោយដែលធ្វើនៅថៃនេះ»។
ឯកឧត្ដមអនុប្រធានបានបន្ថែមទៀតថា ភាពជោគជ័យនាពេលនេះដែរក៏បានមកពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពិសេសនោះគឺឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលជាប្រធានសហព័ន្ធ។ ឯកឧត្ដមប្រធានលោកបានខិតខំប្រឹងប្រែងណាស់ក្នុងការធ្វើយ៉ាងណាជំរុញឲ្យកីឡាករទូកកានូ និងរ៉ូអ៉ីង កម្ពុជាមានសកម្មភាពប្រកួតឲ្យបានច្រើន ពោលគឺស្ទើរតែគ្រប់ព្រឹត្តិការណ៍អន្តរជាតិ ដើម្បីធ្វើយ៉ាងណាបង្កើតកម្រិតបច្ចេកទេស និងបទពិសោធប្រកួតឲ្យឈានទៅដល់កម្រិតខ្ពស់មួយដែលសហព័ន្ធបានកំណត់។
គួររម្លឹកថាការប្រកួតកីឡាកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ដោយមានប្រទេសចូលរួមសរុបចំនួន០៩ មាន ម្ចាស់ផ្ទះរុស្ស៊ី, កម្ពុជា, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឥណ្ឌា អ៊ូបេគីស្ថាន, វៀតណាម និង ម៉ាឡេស៊ី។សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករទូកនាគកម្ពុជាចំនួន ១៥រូប ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាទូកនាគអន្តរជាតិ ឆ្នាំ២០២៤ជាលទ្ធផលគឺកម្ពុជាទទួលបានមេដាយសរុបចំនួន៣គ្រឿងក្នុងនោះមាស១ និងសំរឹទ្ធ២គ្រឿងផងដែរ៕