ឯកឧត្តម លី កុសល បន្តដឹកនាំសហព័ន្ធកីឡាវាយសី ក្នុងអាណត្តិទី៨ ២០២៤ដល់២០២៨

Detail Top Banner

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានជោគជ័យនៃការដឹកនាំសហព័ន្ធកីឡាវាយសី ៧អាណត្តិ កន្លងមក ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានសមាជិកក្លឹបវាយសីរាជធានីខេត្ត ផ្តល់សេចក្តីទុកចិត្តសម្រេចបោះឆ្នោតគាំទ្រជាប់ជាប្រធានសហព័ន្ធកីឡាវាយសីអាណត្តិថ្មីទី៨ ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្នុងមហាសន្និបាត សហព័ន្ធកីឡាវាយសី បញ្ចប់អាណត្តិទី៧ បន្តអាណត្តិទី៨ អាណត្តិថ្មី នារល្ងាចថ្ងៃទី៣ ខែ កក្តដា ឆ្នាំ២០២៤។

សមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មីដែលជាក្បាលម៉ាស៊ីនដឹកនាំ ក្នុងអាណត្តិទី៨ ដែលមានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ មាន៩រូប គឺ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធ ឯកឧត្តម កុសល សុវណ្ណវិសាល អនុប្រធានទី១ ឯកឧត្តម ជាម សុភា អនុប្រធាន អគ្គលេខាធិការ សហព័ន្ធ ឯកឧត្តម កែវ រស់ អមដោយ អគ្គលេខាធិការង២រូប គឺ ឯកឧត្តម ចេង ញ៉ាន់ និង លោក ជំទាវ កុសល សុវណ្ណមរកត ខណៈដែល អគ្គហេរញ្ញិក ឯកឧត្តម កឹង ភីរ៉ា និងសមាជិក២រូប មាន ឯកឧត្តម សុខប៉ាង និងឯកឧត្តម ម៉ុក សារឿន។


ក្នុងអាណត្តិទី៨ដែលជាអាណត្តិថ្មីនេះ ឯកឧត្តម លី កុសល បានប្តេជាចិត្តនឹងជំរុញអភិវឌ្ឍន៍វិស័យកីឡាវាយឱ្យកាន់តែរីកចំរើន និងមានសក្កានុពលកាន់តែខ្លាំងទាំងលើឆាកជាតិ និងអន្តរជាតិ។ ទី១. ប្តេជ្ញា សាមគ្គីភាពឯកផ្ទៃក្នុងរបស់គណៈកម្មាធិកាប្រតិបត្តិដែលជាក្បាលម៉ាស៊ីនដឹកនាំឱ្យកាន់តែរឹងមាំបន្ថែមទៀត ទី២. ខិតខំស្វែងរកប្រភពចំណូល ដើម្បីជួយឧបត្ថម្ភដល់កីឡាករនិងកីឡាការិនីសម្រាប់ការហ្វឹកហាត់ និងការប្រកួតក្រៅពីថវិកាឧបត្តម្ភរបស់ក្រសួងអប់រំយុវជន និងកីឡា ទី៣. ខិតខំស្វែងរកគ្រូបរទេសបង្ហាត់បងង្រៀនដល់កីឡាករកីឡាការិនី ដើម្បីទទួលបានបច្ចេកទេសល្អៗបន្ថែមទៀត ទី៤.បង្កើនទំនាក់ទំនងស្អិតរមួតជាមួយក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបញ្ជូនកីឡាករកីឡាការិនីហ្វឹកហាត់រៀនសូត្រនៅក្រៅប្រទេសទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីបន្ថែមសក្កានុពលពីបណ្តាប្រទេសជឿនលឿនដូចជាប្រទេសចិន និងកូរ៉េជាដើម ទី៥.បង្កើនទំនាក់ទំនងអន្តរជាតិឱ្យកាន់ស្អិតរមួតជាមួយបណ្តាប្រទេសដៃគូ ទី៦.ខិតខំកៀគរស្វែងរកថវិកាទិញសំបុត្រយន្តហោះសម្រាប់កីឡាករកីឡាការិនីចេញទៅប្រកួតនៅក្រៅប្រទេស ដែលជាការពង្រឹងសមត្ថភាពដ៏សំខាន់សម្រាប់កីឡាករកីឡាការិនីក្នុងការត្រៀមខ្លួនប្រជែងដណ្តើមមេដាយជូនកម្ពុជា ចំពោះការប្រកួតកម្រិតតំបន់ ទ្វីបអាស៊ី និងពិភពលោក។


សូមរំលឹកថា ក្នុងអាណត្តិទី៧ ដែលជាអាណត្តិចាស់ ២០២០ដល់ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានដឹកនាំជួយឱ្យវាយសីកម្ពុជាឈ្នះសមិទ្ធធំៗជូនជាតិជាច្រើនដូចជា ឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បំបែកកំណត់ត្រាជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់កម្ពុជា ក្នុងប្រភេទកីឡាវាយសី ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឈ្នះមេដាយសំរឹទ្ធចំនួន២គ្រឿង ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ(Badminton Asia Southeast Asia Regional Junior Championships 2023) ដណ្តើមបានមេដាយសរុប១៤គ្រឿង មានមេដាយមាស១ ប្រាក់៦ និងសំរឹទ្ធ៧គ្រឿង និងការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍យុវជនក្រោមអាយុ១៧ឆ្នាំ និង១៥ឆ្នាំ២០២៤ (Badminton Asia Southeast Asia Regional Junior Championships 2024 នៅប្រទេសឡាវ ដណ្ដើមបានមេដាយសរុបចំនួន ១៤គ្រឿងប្រាក់ ៤ និងសំរឹទ្ធ ១០ ៕

You might also like