ក្រុមកីឡាការិនីការ៉ាតេ រកបានមេដាយសំរិទ្ធបន្ថែមជូនជាតិ នៅឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី ៖ ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ទទួលបានមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី បន្ទាប់ពីក្រុមកីឡាការិនីការ៉ាតេកម្ពុជាបានយកឈ្នះក្រុមកីឡាការិនីការ៉ាតេថៃ។
លោក ហេង ផេង គ្រូបង្វឹកការ៉ាតេបានប្រាប់ឲ្យដឹងពីឥណ្ឌូណេស៊ីថា ការប្រកួតខាងលើនេះមាន ៤ ប្រទេសចូលរួមដូចជាប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ។ ការប្រកួតដំបូងកម្ពុជាបានចាញ់ម៉ាឡេស៊ី រីឯថៃចាញ់ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ហើយក្រុមចាញ់កម្ពុជា ប៉ះក្រុមចាញ់ ថៃ យើងក៏បានយកឈ្នះថៃ ដូច្នេះកម្ពុជាទទួលបានមេដាយសំរិទ្ធ ម៉ាឡេស៊ីទទួលបានមេដាយប្រាក់ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ីទទួលបានមេដាយមាស។
លោកគ្រូបន្តថា កីឡាការិនី អូន ស្រីដា កីឡាការិនី ពុទ្ធា ស្រីណុច និងកីឡាការិនី ថាត ឆេងហ័រ ទទួលបានមេដាយសំរិទ្ធឹ ប្រភេទកីឡាការ៉ាតេ លើវិញ្ញាសា Kata ក្រុម ដែលជាមេដាយសំរិទ្ធដំបូងសម្រាប់ប្រភេទកីឡាការ៉ាតេកម្ពុជាសម្រាប់ការប្រកួតខាងលើនេះ ហើយប្រភេទកីឡាការ៉ាតេកម្ពុជានឹងមានការប្រកួតច្រើនទៀត។
ក្នុងឱកាសប្រគល់មេដាយជូនក្រុមកីឡាការិនីដោយមានការអញ្ជើញពីសំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកីឡាកម្ពុជា អញ្ជើញជាកក្តិយសឡើងបំពាក់មេដាយជូន កីឡាការិនី អូន ស្រីដា កីឡាការិនី ពុទ្ធា ស្រីណុច និងកីឡាការិនី ថាត ឆេងហ័រ ក្រុមកីឡាការ៉ាតេរបស់កម្ពុជា នៅសាលកីឡាតេក្វាន់ដូ ក្នុងមហាវិទ្យាល័យ Brawijaya ក្រុងMalang ប្រទេសឥណ្ឌូនេស៊ី៕