ឈឿង អាលីហ្សា ៖ ខុសការរំពឹងទុកយកមេដាយមាសពីការប្រកួតសាកលវិទ្យាល័យអាស៊ានលើកទី២១ជាចំណុចត្រូវរៀនសូត្របន្ថែម
កីឡាការិនីជម្រើសជាតិតេក្វាន់ដូ WT កម្ពុជា ឈឿង អាលីហ្សា ថាការខុសក្ដីរំពឹងទុកដែលប៉ងយកមេដាយមាសជូនជាតិពីការប្រកួតសាកលវិទ្យាល័យអាស៊ានលើកទី២១នៅប្រទេសឥណ្ឌូណេស៊ី ជារឿងត្រូវររៀនសូត្របន្ថែមទៀត។
ការលើកឡើងនេះធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្រោយបានបញ្ចប់ភារកិច្ច និងបានត្រឡប់មកដល់ទឹកដីកំណើតវិញ ដោយដណ្ដើមបានមេដាយប្រាក់១គ្រឿងជូនជាតិ។
កីឡាការិនីខាងលើមើលឃើញពីចំណុចខ្វះខាតមួយចំនួនដែលនាំឲ្យខ្លួនមិនអាចយកបានមេដាយមាសដូចការប៉ងមុនពេលចេញទៅ អាលីហ្សា បាននិយាយថា «មុនចេញទៅខ្ញុំគិតថា អាចយកបានមេដាយមាស ព្រោះអីខ្ញុំបានហ្វឹកហាត់ពេញលេញល្អណាស់ តែពេលទៅដល់យើងមិនអាចចាប់ចំណុចកីឡាការិនីជម្រើសជាតិឥណ្ឌូណេស៊ីបាន ព្រោះអីខ្ញុំមិនធ្លាប់ប៉ះគាត់ ហើយដល់ពេលប៉ះគាត់យើងចាញ់លឿនគាត់តិចតូច»។ «បទពិសោធនេះអាចជារឿងថ្មីមួយទៀតសម្រាប់ខ្ញុំ ព្រោះអីកីឡាការិនីផ្សេងៗវៀតណាម ថៃ ម៉ាឡេស៊ី ជាដើមធ្លាប់ប៉ះអស់ហើយ ហើយលើកនេះខ្ញុំប៉ះឥណ្ឌូណេស៊ីម្នាក់ទៀត ដូច្នេះធ្វើឲ្យខ្ញុំយល់ថា ជាភាពងាយស្រួលមួយនៅពេលចូលរួមព្រឹត្តិការណ៍ផ្សេងៗពិសេសនាការប្រកួតស៊ីហ្គេមនៅថៃនាឆ្នាំក្រោយ»។ នេះជាការបន្ថែមរបស់ ឈឿង អាលីហ្សា ។
កីឡាការិនីដដែលបន្ថែមទៀតថា ការទៅឥណ្ឌូណេស៊ីលើកនេះក៏មានចំណុចពិបាកដែលកីឡាការិនីគ្រប់រូបបានឆ្លងកាត់ផងដែរ ពិសេសនោះគឺរបបអាហារដែលប្រទេសឥណ្ឌូណេស៊ីគេចូលចិត្តបរិភោគមាន់ ហើយគេធ្វើម្ហូបទទួលអ្នកគ្រប់គ្នាដោយសាច់មាន់រាល់ថ្ងៃ។ ការធ្វើម្ហូបបែបនេះកីឡាករ-កីឡាការិនីបរិភោគមិនសូវបានទេ ដែលនាំឲ្យគ្រប់គ្នាមិនសូវមានកម្លាំងប្រកួតប្រជែងពិសេសការប្រកួតថ្ងៃចុងក្រោយដែលត្រូវវ៉ៃយកមេដាយមាសនេះតែម្ដងគឺកម្លាំងធ្លាក់ចុះខ្លាំងមែនទែន ព្រោះអីបរិភោគមិនសូវបាន។
សូមបញ្ជាក់ថាការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ នៅប្រទេសឥណ្ឌូនេស៊ី ប្រភេទកីឡាតេក្វាន់ដូ WT កម្ពុជា បានបញ្ជូនគ្រូបង្វឹក អាជ្ញាកណ្តាលអន្តរជាតិ និងកីឡាករកីឡាការិនី ៤នាក់ ចូលរួម។ ជាលទ្ធផលទទួលបានមេដាយប្រាក់ចំនួន ៣គ្រឿង ក្នុងនោះមាន៖
១/-កីឡាករ ឈន គីមហាក់ ប្រកួតមេគុនឯកត្តជនបុរស (មាន ៩ ប្រទេសចូលរួម) ពុំទទួលបានមេដាយ
២/-កីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៨០kg (មាន៥ប្រទេសចូលរួម) ទទួលបានមេដាយប្រាក់១គ្រឿង
៣/-កីឡាការិនី គ្រី លីដែន ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៤៩kg (មាន៧ប្រទេសចូលរួម) ទទួលបានមេដាយប្រាក់១គ្រឿង
៤/-កីឡាការិនី ឈឿង អាលីហ្សា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៧kg (មាន៥ប្រទេសចូលរួម) ទទួលបានមេដាយប្រាក់ ១គ្រឿង