តំណាងក្រសួងអប់រំ រំពឹងថា បេស្បលហ្វាយនឹងក្លាយជាប្រភេទកីឡា ដ៏មានប្រជាប្រិយភាពសម្រាប់យុវជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញសុទិដ្ឋិនិយមថា កីឡាបេស្បលហ្វាយ ដែលទើបតែនាំមកដល់ប្រទេសកម្ពុជា ដោយសហព័ន្ធកីឡាបេស្បលកម្ពុជា នៅពេលខាងមុខនេះ នឹងក្លាយជាប្រភេទកីឡាសក្កានុពលមួយនៅកម្ពុជា ។ដ្បិតកីឡាមួយប្រភេទនេះ ងាយស្រួលលេង ដែលអាចលេងនៅតាមទីសាធារណៈក៏បាន មិនតម្រូវទីលានស្តង់ដា ដូចប្រភេទកីឡាមួយចំនួននោះឡើយ ។ ពោលកីឡានេះថែមទាំងបានបញ្ចូលសមាសភាពកីឡាការិនីចូលទៅក្នុងក្រុម ដែលបានបង្ហាញអំពីសមាសភាពយេនឌ័ររបស់ស្រ្តីទៅក្នុងវិស័យកីឡាផងដែរ។
ការថ្លែងលើកឡើងរបស់អនុរដ្ឋលេខាធិការ ក្រសួងងប់រំយុវជន និងកីឡា បានធ្វើឡើង នាឱកាសអញ្ជើញ ចូលរួមក្នុងកម្មវិធីប្រកួតបេស្បលហ្វាយមិត្តភាព ដើម្បីផ្សព្វផ្សាយ ការប្រកួតបេស្បលហ្វាយ លីគលើកទី១ ដែលដំណើរការប្រកួតផ្លូវការចាប់ពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ថ្វីដ្បិតប្រភេទកីឡាថ្មីមួយនេះ ក្រសួងអប់រំយុវជន និងកីឡា មិនទាន់បានចាត់ចែងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាយ៉ាងណាក្តី ក៏ប្រភេទកីឡាថ្មីនេះ អនុគ្រោះនិងមានភាពសមស្របអាចថា ជាប្រភេទកីឡាដែលមានប្រជាប្រិយភាពក្នុងការទាក់ទាញយុវជន និងកុមារា កុមារី ព្រោះវាបានផ្តល់នូវសុខមាលភាពកាយសម្បទារឹងមាំ ដល់កុមារា កុមារី និងយុវជនយុវនារីរបស់យើងផងដែរ។ឯកឧត្តម បានអះអាងថា កីឡាមួយនេះ នូវពេលអនាគត នឹងក្លាយជាប្រភេទកីឡាមានប្រជាប្រិយភាពមួយនៅកម្ពុជា និងមានសក្កានុពលអាចចូលរួមដណ្តើមមេដាយជូនជាតិលើឆាកអន្តរជាតិបាន។
លោក ឆែម ដារ៉ា ប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា បានថ្លែងគូសបញ្ជាក់ថា ការប្រកួតបេស្បលហ្វាយមិត្តភាពនេះ សហព័ន្ធបានរៀបចំឡើង ដើម្បីពិនិត្យមើលសមត្ថភាពតាមបណ្តាក្លឹប បានត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការប្រកួតផ្លូវការនៅថ្ងៃទី២២ដល់២៣ ខែ សីហា ឆ្នាំ២០២៤ខាងមុខនេះ។ប្រធានសហព័ន្ធខាងលើ បានឱ្យដឹងទៀតថា សម្រាប់ការប្រកួតមិត្តភាពតាមបណ្តាសាលាអន្តរជាតិ និងផ្សារទំនើប មុនការប្រកួតផ្លូវការ ជាការផ្សព្វផ្សាយមួយ ដល់យុវជ និងយវនារី ឱ្យងាកមកចាប់អារម្មណ៍លេងកីឡា ជៀសឆ្ងាយអំពីអំពើរឧបាយមុខផ្សេងៗដែលនាំឱ្យមានលំបាកដល់គ្រួសារនិងសង្គមជាតិ។ ជាមួយគ្នានេះ ការប្រកួតនេះ ក៏ជាការបង្ហាញអំពីការលើកស្ទួយយកចិត្តទុកដាក់ចំពោះតម្លៃស្រ្តី និងពង្រឹងទាំងកីឡាករនិងកីឡាការិនីឱ្យមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការប្រជែងមេដាយនៃការប្រកួតអន្តរជាតិនៅខែ វិច្ឆិកា ឆ្នាំ២០២៤ និង ប្រកួតអន្តរជាតិនៅឆ្នាំ ក្រោយបន្ទាប់ទៀតផងដែរ។
សូមបញ្ជាក់ថា ការប្រកួតបេស្បលហ្វាយមិត្តភាព តាមបណ្តាសាលារៀនអន្តរជាតិ និងផ្សារទំនើប ដែលរៀបចំដោយ សហព័ន្ធកីឡាបេសប្បលកម្ពុជា ជាបន្តបន្ទាប់នេះ គឺ ដើម្បីផ្សព្វផ្សាយដល់មហាជន អំពីការត្រៀមខ្លួន សម្រាប់ការប្រកួតលីគផ្លូវការ គ្រោងធ្វើឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២២ និង២៣ ខែ សីហា ឆ្នាំ២០២៤៕