ការប្រកួតប្រដាល់ ជ្រើសរើសជើងឯកប្រចាំរាជធានី ជាចំណែកដ៏សំខាន់ក្នុងការជួយពង្រឹងដល់យុវជនថ្នាល
ការប្រកួតប្រដាល់សកល និងគុនខ្មែរជ្រើសរើសជើងឯកប្រចាំរាជធានីភ្នំពេញបានបិទបញ្ចប់កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅក្លិបប្រដាល់សកលជម្រើសជាតិក្នុងបរិវេណពហុកីឡដ្ឋានជាតិ។
ក្នុងកម្មវិធីបិទព្រឹត្តិការណ៍ខាងលើលោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញបានធ្វើការកោតសរសើរដល់ការរៀបចំថា មានសណ្ដាប់ធ្នាប់ល្អ ទាំងការប្រកួត និងនិងការដាក់ពិន្ទុជាដើម។ លោកបានធ្វើការវាយតម្លៃខ្ពស់ និងលើកឡើងពីសារៈសំខាន់នៃការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំបែបនេះជាគឺជាការរួមចំណែកមួយដ៏ធំធេងក្នុងការជួយជំរុញដក់ការអភិវឌ្ឍន៍ និងពង្រឹងកម្រិតបច្ចេកទេសដល់កីឡាករថ្នាលតូចៗ ដែលមិនសូវមានសកម្មភាពប្រកួតនៅតាមប៉ុស្តិ៍នានា។
លោកកត់សម្គាល់ឃើញថា យុវជនថ្នាល និងកីឡាករដែលចូលរួមការប្រកួតសុទ្ធតែមានកម្រិតបច្ចេកទេសល្អហើយ ប៉ុន្តែក៏ត្រូវការ ការពង្រឹងបន្ថែមទៀត ដើម្បីជាការត្រៀមខ្លួនឲ្យបានកាន់តែល្អ ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ដើម្បីជាការចូលរួមចំណែកបន្ថែមទៀត ក្នុងនាមជាមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ សូមធ្វើការសំណូមពរដល់ប្រធានក្លិបប្រដាល់គុនខ្មែរ និងប្រដាល់សកលទាំងអស់ សូមមេត្តាជួយបង្ហាត់ និងបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីរបស់ខ្លួនបន្ថែមទៀត ពិសេសនោះគឺយុវជនថ្នាលក្មេងៗតូចៗឲ្យពួកគេមានការប្រឹងប្រែង និងស្វែងយល់ពីកម្រិតបច្ចេកទេសឲ្យកាន់តែល្អប្រសើរ។
គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រដាល់សកល និងគុនខ្មែរជ្រើសរើសជើងឯកប្រចាំរាជធានីភ្នំពេញឆ្នាំ២០២៤ មានក្លិបចូលរួមសរុបចំនួន ១១ មានវិញ្ញាសាប្រកួតចំនួន ១៣ ប្រភេទទម្ងន់ និងមានប្រតិភូគ្រូបង្វឹកកីឡាករ-កីឡាការិនីចូលរួមសរុបចំនួន ១០០ នាក់ផងដែរ៕