កីឡាករកាយវប្បកម្ម ឃូ ឃាងហ៊ុយ និយាយថា មេដាយមាសកម្រិតអាស៊ី ជាក្តីស្រមៃ ខណៈមេដាយមាសកម្រិតពិភពលោកជាគោលដៅធំបន្ទាប់របស់ខ្លួន
ក្រុមកីឡាករកាយវប្បកម្មកម្ពុជាបានត្រឡប់ពីប្រទេសឥណ្ឌូណេស៊ីមកដល់ទឹកដីកំណើតកាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ហើយ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី៥៦ ( ៥៦th Asian Bodybuilding And Physique Sports Championship) លើវិញ្ញាសា Men’s sport physique over 180cm ក្រោយបញ្ចប់ភារកិច្ចឈ្នះមេដាយមាសដ៏ត្រចះត្រចង់។
ក្នុងការវិលត្រឡប់នោះដែរកីឡាករ ឃូ ឃាងហ៊ុយ ផ្ទាល់ក៏បានសម្ដែងការសប្បាយចិត្តជាខ្លាំងក្រោយអាចបំពេញភារកិច្ចជូនប្រទេសជាតិបានលទ្ធផលគួរជាទីគាប់ចិត្ត។ ក្នុងការបំពាក់មេដាយ និងការឈរគោរពភ្លេងជាតិកម្ពុជាគេបានហូរទឹកភ្នែក ព្រោះតែអារម្មណ៍រំភើបក្រៃលែង។ សម្រាប់ជ័យលាភីកម្រិតជើងឯកអាស៊ីលើកនេះធ្វើគេកាន់តែមានទំនុកចិត្ តក្នុងការឆ្ពោះទៅរកគោលដៅធំមួយទៀតនោះ គឺការដណ្ដើមយកមេដាយមាសបន្ថែមទៀតក្នុងព្រឹត្តិការណ៍ពិភពលោក ដែលនឹងមកដល់នាខែវិច្ឆិកាឆ្នាំ២០២៤ នាប្រទេសកូរ៉េខាងត្បូងខាងមុខនេះ ។
ជាមួយគ្នានោះលោក តឹក ប៊ុនវី ប្រធានសហព័ន្ធ និងជាមន្ត្រីចៅក្រមអន្តរជាតិកីឡាកាយវប្បកម្មនៅតែយល់ថា កម្រិតសាច់របស់កីឡាករ ឃូ ឃាងហ៊ុយ នៅតែមិនទាន់ល្អគ្រប់គ្រាន់១០០% បើទោះបីជាបានឈ្នះមេដាយមាសពីការប្រកួតជ្រើសរើសជើងឯកអាស៊ីលើកទី៥៦នៅប្រទេសឥណ្ឌូណេស៊ីកាលពី១០ខែសីហា ឆ្នាំ២០២៤។ ទោះបីជាយ៉ាងណាក្នុងនាមថ្នាក់ដឹកនាំនិងអ្នកដែលមានបទពិសោធក្រាស់ក្រែលក្នុងវិស័យកីឡាកាយវប្បកម្មប្រធានសហព័ន្ធរូបនេះបានមើលឃើញថា «…ដ្បិតតែយើងឈ្នះមេដាយមាសតែនៅតែមានចំណុចខ្វះខាត ព្រោះថាយើងឈ្នះគេមែនតែឈ្នះមិនដាច់ស្រលះទេ ពោលគឺឈ្នះពិន្ទុប្រដំប្រសងប៉ុណ្ណោះ។ ក្នុងនោះខ្ញុំមើលឃើញថា ទាំងសាច់ ស្មា និងដងខ្លួនពីលើដល់ក្រោមនៃតួខ្លួនរបស់គាត់នៅតែស្ទើរៗមិនទាន់ពេញល្អទេ ដូច្នេះយើងត្រូវតែបន្តប្រឹងប្រែងពង្រឹងបន្ថែមទៀត»។
ជាមួយគ្នានោះលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ក៏បានសម្ដែងការអបអរសាទរដល់ការវិលត្រឡប់របស់ក្រុមអត្តពលិកកាយវប្បកម្មកម្ពុជា ដែលបានបំពេញភារកិច្ចដ៏វិសេសវិសាល ដោយដណ្ដើមបានមេដាយមាសលើឆាកអន្តរជាតិ។ លោកសង្ឃឹមថាសហព័ន្ធកីឡាជាតិទាំងអស់ មិនថាតែសហព័ន្ធកាយវប្បកម្មទេ ពោលគឺនឹងបន្តប្រឹងប្រែងលើកិច្ចការរបស់ខ្លួនបន្ថែមទៀត ដើម្បីលើកមុខមាត់ប្រទេសលើឆាកអន្តរជាតិឲ្យបានកាន់តែច្រើន។
សូមបញ្ជាក់ថា ក្រុមអត្តពលិកកម្ពុជាមាន៣រូបគឺលោក តឹក ប៊ុនវី តួនាទីជាប្រធានប្រតិភូ និងជាចៅក្រមអ្នកស្រី អេមី សារីរ៉ុម គ្រូបង្វឹក និងកីឡាករ ឃូ ឃាងហ៊ុយ ខណៈកីឡាករ ស្រ៊ិន រាជ្យ ដែលដើមឡើយគ្រោងទៅចូលរួមដែរនោះត្រូវដកខ្លួនវិញដោយសារតែមានបញ្ហាសុខភាព (មានជំងឺគ្រុនពោះវៀន)៕