ឯកឧត្ដម​ កែវ រ៉េមី ៖ ខ្ញុំ​ចង់​ឃើញ​ទង់ជាតិ​​ខ្មែរ​​បង្ហោះ​ក្នុង​ពិធី​បំពាក់​មេដាយ​ព្រឹត្តិការណ៍​កម្រិត​អាស៊ី​​

Detail Top Banner

​​ឯក​ឧត្ដម​ កែវ រ៉េមី ទេសរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធ​មនុស្ស​កម្ពុជា ​និង​ក៏​​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ​​ ITF ​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​ចង់​ឃើញ​ទង់ជាតិ​ខ្មែរ​បង្ហោះ​ក្នុង​ពិធី​បំពាក់​មេដាយ​ក្នុង​ព្រឹត្តិការណ៍​​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ទ្វីប​អាស៊ី​​នៅ​ប្រទេស​ឥណ្ឌា​នេះ»។

​ប្រសាសន៍​របស់​ឯក​ឧត្ដម​​ប្រធាន​ធ្វើ​ឡើង​ក្នុង​​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ប្រកួត​កីឡា​តេក្វាន់ដូ​ ITF ជ្រើស​រើស​ជើង​ឯក​​ទ្វីប​អាស៊ី​​លើក​ទី​១០ នៅ​ប្រទេស​ឥណ្ឌា និង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដាន់​អន្តរជាតិ​​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាតិ។

ឯកឧត្តម​បាន​ពន្យល់​បែប​នេះ​ថា «​ឆ្នាំ​នេះ​យើង​មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ​​គឺ​កីឡាករ​​ល្អ​របស់​យើង​មាន​ខ្លះ​មិន​បាន​ចូលរួម​ជាក់​ស្ដែង​ដូច​លោក​គ្រូ ប៉ាល់ ជីវ័ន្ត​ ជា​ដើម​ដែល​ជា​ម្ចាស់​មេដាយ​មាស​ពិភព​លោក​​របស់​​យើង​។ ក្នុង​នោះ​យើង​មើល​ឃើញ​ថា កីឡាករ​មក​ពី​ប្រទេស​​ខ្លាំង​ៗ​មួយ​ចំនួន​បាន​ចូលរួម​​​ជា​គូ​ប្រជែង​របស់​យើង​​មាន​ដូច​ជា​​កូរ៉េ​ខាងជើង​ រុស្ស៊ី និង កាហ្សាក់ស្ថាន​ជា​ដើម​​ ​ប្រទេ​ស​ទាំង​អស់​នេះ​គេ​ខ្លាំង​ៗ​ណាស់​។ ទោះបី​​ជា​យ៉ាង​ណា​ខ្ញុំ​សូម​ឲ្យ​កីឡាករ​យើង​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​បំផុត​ ដើម្បី​អាច​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ​ត្រឡប់​មក​​វិញ​…»។ ប្រធាន​សហព័ន្ធ​ដដែល​​​​ក៏​បាន​វាយ​តម្លៃ​កម្រិត​បច្ចេកទេស​របស់​កីឡាករ​-​កីឡា​​ការិនី​ដែល​ទៅ​ចូលរួម​ការ​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​នេះ​​​ថា មាន​ភាព​ល្អ​ប្រសើរ​ច្រើន​បើ​ធៀប​​ជាមួយ​ហ្នឹង​​មួយ​រយៈពេល​មុន​។ ទន្ទឹម​នឹង​ការ​រីកចម្រើន​ធ្វើ​ឲ្យ​លោក​​ក្នុង​នាម​ប្រធាន​ និង​ក្រុម​ការងារ​មាន​​​​ក្ដី​សង្ឃឹម​ច្រើន និង​ទំនុក​ចិត្ត​ក្នុង​ការ​ទទួល​បាន​មេដាយ​​​ទៅ​លើ​ប្រទេស​វិញ្ញាសា​មួយ​ចំនួន​មាន​ដូចជា​វិញ្ញាសា​ការ​ការពារ​ខ្លួនបុរស-ស្រ្តី​ និង​ប្រយុទ្ធ​​កម្រិត​ទម្ងន់​ស្រាល​ជា​ដើម​​។

​​​​​​​​​​​គួរ​បញ្ជាក់​ថា ជម្រើស​ជាតិ​តេក្វាន់ដូ ITF បាន​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ទៅ​ចូលរួម​ប្រកួត​ក្នុង​​​​ព្រឹត្តិការណ៍​ជ្រើស​រើស​ជើង​ឯក​អាស៊ី​លើក​ទី​១០​នេះ​មាន​ចំនួន​២៧​​រូប​ក្នុង​នោះ​ប្រធាន​ប្រតិភូ​ មន្រ្តី​អាជ្ញាកណ្ដាល ​គ្រូ​បង្វឹក​ គ្រូ​ជំនួយ និង​កីឡាករ-​កីឡា​ការិនី​​ផង​ដែរ​។​ ​ក្រុម​អត្តពលិក​នឹង​ចេញ​ដំណើរ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ២០២៤ រួច​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២៤ ៕

You might also like