កុមារបញ្ញាខ្សោយ នៅខេត្តសៀមរាប ទទួលបានឱកាសបង្ហាញសមត្ថភាព ក្នុងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤
ខេត្តសៀមរាប៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានរៀបចំការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសដល់កុមារបញ្ញាខ្សោយ នៅក្នុងខេត្តបង្ហាញសមត្ថភាព តាមរយៈកីឡា ។
ដែលពិធីបើការប្រកួតមានការអញ្ជើងក្រោយអធិបតីភាពលោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លី សារី អភិបាលរងនៃគណៈអភិបាលខេត្ត សៀមរាប និងលោក អ៊ុង វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តកំពង់ធំ ដែលមានប្រតិភូកីឡាខេត្តកំពង់ធំ និងខេត្តសៀមរាប សរុបប្រមាណ ១៨៧នាក់ នៅពហុកីឡដ្ឋានខេត្តសៀមរាប។ កីឡាអត្តពលកម្ម ៖ ៥០ និង ១០០ ម៉ែត្រ បុរស – នារី កីឡាបាល់ទាត់យូនីហ្វាយ ៖ បុរស និងនារី ៥ នាក់ម្ខាង និង កីឡាប៊ូលយូនីហ្វាយ ៖ ១នាក់ ទល់ ១នាក់, ២ នាក់ទល់ ២ នាក់ និង ៣ នាក់ទល់ ៣នាក់។
លោក លី សារី បានមានប្រសាសន៍ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ និងកម្មវិធីត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនី បញ្ញាខ្សោយ ក្នុងគោលបំណងគឺ ផ្ដល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខេត្តបានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ ពីគ្នាទៅវិញទៅមក លើកកំពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការរើសអើងផ្សេងៗនៅក្នុងសង្គម ។
លើសពីនេះទៀតនោះ ការប្រកួតមិនមែនដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ ជាពិសេស ការប្រកួតនេះ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាចុងខែវិច្ឆិកាខាងមុខផងដែរ។
លោក សែម សុខា ក៏បានមានប្រសាសន៍ថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តសៀមរាប និងខេត្តកំពង់ធំ ព្រមទាំងក្រុមការងារទាំងអស់ដែលបានលះបង់ពេលវេលាមកចូលរួម និងរៀបចំកកម្មវិធីនេះ ដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។
ម៉្យាងវិញទៀត ខ្ញុំសូមចាត់ទុកកម្មវិធីនេះ ជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នា ដើម្បីបានយល់ដឹង និងជ្រួតជ្រាបបន្ថែមពីចលនាកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលបាននឹងកំពុងអនុវត្តសកម្មភាពការងារពីដំណាក់មួយទៅដំណាក់កាលមួយ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតនានា ដូចដែល គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធីជារៀងរាល់ឆ្នាំ។ ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ-កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះ ជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡា៕