ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រានឹងទទួលប្រជាពលរដ្ឋចូលកំសាន្តដោយមិនគិតថ្លៃសំបុត្ររៀងរាល់ចុងសប្តាហ៍ ចាប់ពីខែ កញ្ញា ដល់ខែ ធ្នូ

Detail Top Banner

លោកស្រី សេង សុជាតិតា នាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត ( Mondul K Resort ) ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា នឹងបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃចូលរៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញាដល់ ខែធ្នូ ឆ្នាំ២០២៤។ ការប្រកាសនេះគឺជាការចូលរួមគាំទ្រប្រសាសន៍សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍និងធម្មជាតិ។


នាយិការូបនេះ បានគូសបញ្ជាក់ទៀតថា ការអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ។ ក្រុមហ៊ុនក៏បានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី នៅថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៥ លើផ្ទៃដីដែលកំពុងគ្រប់គ្រងមានទំហំ ១១៩ ហិតា ក្នុងគោលបំណងរៀបចំស្តាររមណីយដ្ឋានឡើងវិញតាមបែបអេកូទេសចរណ៍ និងធម្មជាតិ។ បច្ចុប្បន្នការគ្រប់គ្រងនៃតំបន់រមណីយដ្ឋាននេះ គឺបានស្តារឡើងវិញនូវផលអវិជ្ជមានកន្លងមក គឺស្ថាបនាថ្មីយ៉ាងច្រើន និងបានផ្តល់ការងារដល់អ្នកក្នុងតំបន់ ចំណាកស្រុក និងបងប្អូនជនជាតិភាគតិច សរុបបុគ្គលិកចំនួន ៣០ នាក់ ផ្តល់កន្លែងធ្វើអាជីវកម្មដល់អាជីវករក្នុងតំបន់ចំនួន ៥៥ គ្រួសារ ផ្តល់កន្លែងលក់ដូរជូនជនជាតិភាគតិចដោយមិនគិតថ្លៃចំនួន ៥០ គ្រួសារ។


ទន្ទឹមនេះក្រុមហ៊ុនមានគម្រោងសាងសង់បន្ថែមរួមមាន សេវាកម្មជិះម៉ូតូកង់បួនទេសចរណ៏ ( ATV ) ទៅទស្សនាទឹកធ្លាក់ជាន់ទី ៣, សាងសង់រានហាលកញ្ចក់ទស្សនាទឹកជ្រោះ, សាងសង់ សួនសង្រ្គោះសត្វព្រៃ ដែលនឹងនាំមកនូវបទពិសោទថ្មី ដើម្បីឈ្វេងយល់អំពីសត្វព្រៃ ដែលនឹងរួចរាល់ក្នុងពាក់កណ្តាលឆ្នាំ ២០២៥ ស្របពេលដែលក្រសួងអភិវឌ្ឍន៍ជនបទ ក៏នឹងចូលរួមចំណែកក្នុងការស្ថាបនាឡើងវិញនូវផ្លូវចូលក្នុងរមណីយដ្ឋានផងដែរ។
សូមបញ្ជាក់ថា សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់ជាធម្យោបាយដឹកជញ្ជូន និងម្ហូបអាហារជូនប្រជាពលរដ្ឋទៅកាន់ខេត្តចំនួននៅភាគឦសានមានដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគីរី ដោយមិគិតថ្លៃ សម្រាប់ថ្ងៃចុងសប្តាហ៍ ចាប់ពីខែ កញ្ញា ដល់ខែ ធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ សិស្សនិស្សិត មើលឃើញពីការអភិវឌ្ឍយ៉ាងច្រើននៃខេត្តទាំង៤នេះ។ គម្រោងទស្សនកិច្ចនៅក្នុងខេត្តទាំងបួនជាប់ព្រំដែនជាមួយវៀតណាម និងឡាវ មានគោលដៅបង្ហាញឱ្យប្រជាពលរដ្ឋមើលឃើញពីកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV) ។

សូមជម្រាប់ថា ការចូលរួមចំណែកពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បើកឱ្យប្រជាពលរដ្ឋចូលទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដោយមិនគិតថ្លៃ សម្រាប់ថៃ្ងសៅរ៍ និងថ្ងៃអាទិត្យមានរយៈពេល៤ខែ ដោយគិតចាប់ពី ខែ កញ្ញាទៅដល់ខែ ធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមគាំទ្រគំនិតផ្តូចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕