គ្រូបង្វឹក កីឡាករ កីឡាការិនីហាប់គីដូ១០នាក់ទទួលបានសញ្ញាបត្រខ្សែក្រវាត់ កម្រិតដាន់នីមួយៗពីសមាគមហាប់គីដូពិភពលោក

Detail Top Banner

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំពិធីប្រគល់សញ្ញាបត្របញ្ជាក់ខ្សែក្រវាត់ខ្មៅតាមកម្រិតដាន់នីមួយៗផ្តល់ជូនដោយសមាគមហាប់គីដូពិភពលោកជូនដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនីចំនួន១០នាក់ ដែលបានប្រារព្ធធ្វើឡើង កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹកដែលទទួលបានសញ្ញាបត្របញ្ជាក់ខ្សែក្រវាត់ខ្មៅ៦ដាន់ពីសមាគមហាប់គីដូពិភពលោកគូសបញ្ជាក់ថា សមាគមហាប់គីដូពិភពលោកបានបញ្ជាក់សញ្ញាបត្រនេះមានចំនួន១០នាក់ ក្នុងនោះ ខ្សែក្រវាត់ខ្មៅ១ដាន់ ៤នាក់, ខ្សែក្រវាត់ខ្មៅ២ដាន់ ២នាក់, ខ្សែក្រវាត់ខ្មៅ៣ដាន់ ៣នាក់ និងខ្សែក្រវាត់៦ដាន់ ម្នាក់។ ក្រោពីនេះ សហព័ន្ធខ្មែរកីឡាហាប់គីដូក៏បានចេញលិខិតបញ្ជាក់៧នាក់, វិញ្ញាបនបត្រ៦នាក់ និងខ្មៅ២ជាន់១នាក់ជូនដល់សិស្សគុនដែលបានប្រឹងប្រែងហ្វឹកហាត់ផងដែរ។

លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូបានលើកឡើងថា តាមរយៈកម្មវិធីនេះ ជាការផ្សាភ្ជាប់រវាងកីឡាករ កីឡាការិនី និងគណៈគ្រប់គ្រងរបស់សហព័ន្ធ ព្រមទាំងឈ្វេងយល់អំពីបញ្ហាប្រឈមរបស់កីឡាករ កីឡាការិនី ដើម្បីឱ្យសហព័ន្ធអាចបន្តដោះស្រាយទៅមុខទៀត។ ប្រធានសហព័ន្ធបានលើកយកចំណុចសំខាន់ៗ មកបង្ហាញបន្ថែម ដូចជា ការរៀបចំការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលជាសមិទ្ធផលមួយ, សហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី, ការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធសរុប ៤០គ្រឿង (មាស១២ ប្រាក់១៣ សំរឹទ្ធ១៥) របស់កីឡាករ កីឡារិនីហាប់គូដូ ក្នុងការប្រកួតជើងឯកពិភពលោក កាលពីដើមខែសីហា ឆ្នាំ២០២៤ នៅប្រទេសថៃ។

បន្ថែមពីលើនេះ លោកឧកញ៉ា សៅ សេងហាក់ គូសបញ្ជាក់ថា ជាការពិត ការធ្វើរបស់យើង វាមិនបានដូចទៅនឹងអ្វីដែលយើងចង់បាន ប៉ុន្តែវាបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី និងសមាជិកគណៈកម្មាធិការប្រតិបត្តិ ដោយយើងទាំងអស់គ្នាតែងតែពិនិត្យមើលលើចំណុចខ្វះខាត ដើម្បីកែប្រែចំណុចទាំងនោះឱ្យបានល្អប្រសើរ នាថ្ងៃអនាគត។ សហព័ន្ធខ្មែរកីឡាហាប់គីដូនឹងបន្តរៀបចំការប្រកួតកីឡាជើងឯកថ្នាក់ជាតិ លើកទី២ ប្រចាំឆ្នាំ២០២៤ នាអំឡុងខែធ្នូ ហើយប្រធានសហព័ន្ធបានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងហ្វឹកហាត់បច្ចេកទេសឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឱ្យមានឱកាសត្រៀមចូលរួមប្រកួតប្រជែងមេដាយកម្រិតពិភពលោកយកមកជូនជាតិ នាពេលខាងមុខជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ លោក គួច ហុងជៀក អនុប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ ក៏បានលើកឡើងអំពីគុណដ៏ធំធេងរបស់ព្រឹទ្ធចារ្យកីឡាហាប់គីដូ ដែលបន្សល់ទុកស្នៀតគុន និងខិតខំបណ្តុះបណ្តាលសិស្សគុនជាច្រើន ជាបន្តបន្ទាប់ រហូតដល់មានការប្រមូលផ្តុំឱ្យមានជាក្រុម ក្រោមការតស៊ូពុះពារការលំបាកហត់នឿយ បើទោះជាយើងខ្វះខាតថវិកាយ៉ាងណាក្តី។ នៅក្នុងអាណត្តិ ប្រធានសហព័ន្ធ លោកឧកញ៉ា សៅ សេងហាក់ បានបន្តដឹកនាំពីព្រឹទ្ធាចារ្យចាស់ៗ ក្នុងការប្តេជ្ញាចិត្តខ្ពស់ដឹកនាំយើងខ្ញុំ និងកីឡាករ កីឡាការិនី រួមគ្នាអភិឌ្ឍជំនាញកីឡាមួយនេះឱ្យកើតចេញនូវការប្រកួតជើងឯកថ្នាក់ជាតិ លើកទី១ ២០២៣។ ការមិនបោះបង់ការតស៊ូ និងការលំបាកនេះបានជំរុញឱ្យហាប់គីដូបានអាចឈានទៅរកគោលដៅរបស់យើងនៅថ្ងៃណាមួយ ហើយជាក់ស្តែង ហាប់គីដូកម្ពុជាបានចូលរួមប្រកួតជើងឯកពិភពលោក នៅខែសីហា ឆ្នា២០២៤ នៅប្រទេសថៃ តាមរយៈការរៃអង្គាសថវិកាពីសមាជិកសហព័ន្ធ រហូតដល់ឈ្នះមេដាយដល់៤០គ្រឿងជូនជាតិ ជាលើកដំបូងផងដែរ៕

You might also like