គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បន្តបេសកកម្មលើកកម្ពស់ ផ្តល់ឱកាសជនខ្សោយបញ្ញាបានបញ្ចេញសមត្ថភាព ដល់ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបន្តបេសកកម្មរបស់ខ្លួន ដល់ខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ឱកាសជនខ្សោយបញ្ញាបានបញ្ចេញសមត្ថភាព តាមរយៈការលេងកីឡា ក្នុងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ ។
ដែលការបើកការប្រកួតកីឡាករនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អមដំណើរដោយលោក យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ នៅទីរួមខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះឯកឧត្តម សែម សុខា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងចំពោះការរៀបចំការប្រកួតនេះ ដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ដែលជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈ វិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។
ឯកឧត្តមអនុប្រធាន បានបន្ថែមទៀតថា ម៉្យាងវិញទៀត គណៈកម្មាធិការបានបន្តជំរុញ និងចូលរួមសហការជាមួយអង្គការដៃគូពាក់ព័ន្ធនានាបានជួយដល់ជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗ បានហ្វឹកហាត់និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ។ ទាំងនេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាពគ្រប់ប្រភេទ និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។
មួយវិញទៀត ដោយការវិវឌ្ឍនៅមានកម្រិត ជាពិសេសចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ចលនាកីឡាស្ប៉េ ស្យាល់អូឡាំពិកនៅកម្ពុជាជារៀងរាល់ឆ្នាំ។ ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ-កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡា៕