ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ បានធ្វើដំណើរមកដល់មណ្ឌលខេត្តកំពត

Detail Top Banner

កំពត៖លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោក ខាន់ សុខា អភិបាលរងនៃគណៈអភិបាលកំពត និងលោក ណុប តារា អភិបាលរងខេត្តកណ្តាលនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាកិត្តិយសក្នុងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ នៅខេត្តកំពត។

លោក ខាន់ សុខា បានមានប្រសាសន៍ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ ក្នុងគោលបំណងផ្តល់ឱកាសឲ្យក្រុមកីឡាករ-កីឡាការិនីខ្សោយសតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្ត បានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករម្លែក បទពិសោធន៍ ភាពសប្បាយរីករាយពីគ្នាទៅវិញទៅមក លើកកំពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការការរើសអើងផ្សេងៗនៅក្នុងសង្គម។ ការប្រកួតកីឡាមិនមែនដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីរឹតចំណាងមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។


ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាចុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខផងដែរ។ ដោយមានការបង្កលក្ខណៈឧបត្ថម្ភគាំទ្រទាំងថវិកា សម្ភារៈ និងបច្ចេកទេស របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ការគាំទ្រសម្របសម្រួល និងបង្កលក្ខណៈសម្រាប់ការរៀបចំរបស់លោកអភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំងកិច្ចសហការចូលរួមអនុវត្តរបស់លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត អង្គភាពដែលពាក់ព័ន្ធក្នុងអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ខេត្តកំពត បានធ្វើឲ្យកីឡាស្ប៉េស្យាល់អូឡាំពិក (សម្រាប់ជនមានពិការភាពខ្សោយសតិបញ្ញា) មានចលនាទាំងនៅថ្នាក់ខេត្ត និងក្រុង/ស្រុក ព្រមទាំងមូលដ្ឋាន។
ពោលគឺ ឪពុក ម្តាយ អាណាព្យាបាល ជនមានពិការភាពខ្សោយសតិបញ្ញាបានយល់ដឹងកាន់តែទូលំទូលាយ និងបានបង្កលក្ខណៈឲ្យកូនចៅរបស់គាត់បានចូលរួមក្នុងការហ្វឹកហាត់នូវប្រភេទកីឡាបាល់ទាត់ កីឡាប៊ូល និងកីឡាអត្តពលកម្ម ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់កីឡាករ ក្នុងការចូលរួមចលនាកីឡាស្ប៉េស្យាល់អូឡាំពិកបានល្អប្រសើរ។
លោក សែម សុខា ក៏បានមានប្រសាសន៍ថា រៀបចំកម្មវិធីនេះដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ដែលជានិច្ចកាលគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។
វិស័យពិការភាព គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ៕

You might also like