គ្រូបង្វឹក ហុងកុង បង្ហាញពីចក្ខុវិស័យនាំយកបទពិសោធន៍ការប្រណាំងឡានកម្រិតអន្តរជាតិមកកម្ពុជា
កំពង់ស្ពឺ៖ ព្រឹត្តិការណ៍ប្រណាំងយានយន្តប្រភេទ 200CC Karting 4 Stoke Kart ជ្រើសរើសជើងឯកពានរង្វាន់ WM CAMBODIA 2024 ជុំទី 2 បានរកឃើញជើងឯក បន្ទាប់ពីប្រណាំងប្រជែងអស់រយៈពេលពេញមួយព្រឹកនៅលើទីលានប្រណាំង YAMAMOTO CIRCUIT CAMBODIA ស្ថិតនៅ តំបន់កសិ ទេសចរណ៍ ម៉ុង រិទ្ធី សែនជ័យ ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ។
លោក Thomas គ្រូបង្វឹក ចិនហុងកុង អ្នករៀបចំព្រឹត្តិការណ៍ប្រណាំង បានបញ្ជាក់ថា ការប្រណាំងជ្រើសរើសជើងឯកពានរង្វាន់ WM CAMBODIA 2024 ជុំទី 2នេះ មានកីឡាករកីឡាការិនីចូលរួមចំនួន១០រូប មកពីប្រទេសចិន .ចិនហុងកុង .ប្រទេសរុស្ស៊ី ប្រទេសបារាំង ប្រទេសឥណ្តូនេស៊ី អាមេរិក និងកម្ពុជា។
ការបង្កើតព្រឹត្តិការណ៍ប្រណាំងនេះឡើងនៅលើទឹកដីប្រទេសកម្ពុជាដែលលោកស្រលាញ់ ក្នុងគោលបំណងចែករំលែកបទពិសោធន៍របស់លោកឆ្លងកាត់អស់រយៈពេលជាង៤០ឆ្នាំ ដល់ប្រទេសកម្ពុជា ហើយ ក៏ជាការរួមចំណែកបណ្តុះកីឡាករកីឡាការិនីរបស់កម្ពុជាឈានជើងចូលរួមប្រកួតនៅលើឆាកអន្តរជាតិនៅពេលអនាគត។ លោក សង្ឈឹមមុតមាំថា ព្រឹត្តិការណ៍នេះ នឹងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងទាក់ទាញកីឡាករមកពីជុំវិញពិភពលោកមកចូលរួមប្រណាំងក្នុងទឹកដីកម្ពុជា ដែលនឹងផ្តល់ផលចំណេញលើវិស័យទេសចរណ៍ផងដែរ។
ជុំវិញការបង្កើតព្រឹត្តិការណ៍ប្រណាំងយានយន្តប្រភេទ 200CC Karting 4 Stoke Kart ជ្រើសរើសជើងឯកពានរង្វាន់ WM CAMBODIA លោក Pily Wong អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានគាំទ្រ និងចាត់ទុកការរៀបចំព្រឹត្តិការណ៍នេះ ជាការពង្រឹងសមត្ថភាពមន្រ្តីគណៈកម្មការបច្ចេកទេសរៀបចំការប្រណាំងឈានទៅរកកម្រិតស្តង់ដារអាចទទួលធ្វើជាម្ចាស់ផ្ទះការប្រណាំងកម្រិតអន្តរជាតិ។ ហើយ ព្រឹត្តិការណ៍ប្រណាំងនេះ នឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកម្ពុជា បានស្គាល់និងចូលហ្វឹកហាត់ជាកីឡាករ ដើម្បីក្លាយជាកីឡាករប្រណាំងតំណាងកម្ពុជានៅលើឆាកអន្តរជាតិនៅពេលខាងមុខ ពិសេស បានទាក់ទាញភ្ញៀវទេសចរណ៍ដែលជាកីឡាករអន្តរជាតិមកស្គាល់កម្ពុជាទៀតផង។
កីឡាករកីឡាការិនីជាតិ និងអន្តរជាតិដែលបានចូលរួមប្រណាំងសុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងចង់ឱ្យព្រឹត្តិការណ៍ប្រណាំងបង្កើតឱ្យបានញឹកញាប់ ដើម្បីផ្តល់ឱកាសឱ្យពួកគេបានចូលរួមជាការពង្រឹងអភិវឌ្ឍន៍សមត្ថភាព។
ឆ្លងកាត់ការប្រណាំងអស់រយៈពេលពេញមួយព្រឹក ចំណាត់លេខ១ បានទៅលើកីឡាករកម្ពុជា YEAN PIRAKYUTH -ចំណាត់ថ្នាក់លេខ 2 បានទៅលើកីឡាករកម្ពុជា SOU SOVANNRATANAK និង-ចំណាត់ថ្នាក់លេខ 3 បានទៅលើកីឡាករឥណ្តូនេស៊ី ELIJAH HENDRATA ៕