កម្ពុជាធ្វើម្ចាស់ផ្ទះជើងឯកយុវជនអាស៊ី ជាការបង្ហាញឱ្យអន្តរជាតិមើលឃើញ ពីការរីកចម្រើននៃកីឡាវាយកូនបាល់
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម១៤ឆ្នាំ (ATF Asian 14U Junior Championship 2024) នៅកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី០៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ ខណៈអ្នកសម្របសម្រួលកម្ពុជាចាត់ទុកថា ព្រឹត្តិការណ៍អន្តរជាតិនេះជាការបើកបង្ហាញពីការរីកចម្រើននៃវិស័យកីឡាវាយកូនបាល់កម្ពុជា។
កញ្ញា ស៊ុ ចិន្តា អ្នកទទួលបន្ទុកសម្របសម្រួលរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឱ្យថា ព្រឹត្តិការណ៍អន្តរជាតិនេះមានកីឡាករកីឡាការិនីចូលរួមមកពី១៦ប្រទេស ក្នុងអាស៊ាន និងអាស៊ី ក្នុងនោះមានកីឡាករ២៤នាក់ និងកីឡាការិនី២៤នាក់ ដោយប្រកួតលើ៤វិញ្ញាសា គឺប្រកួតវាយឯកក្តជនបុរស និងវាយគូបុរស និងប្រកួតឯកក្តជននារី និងវាយគូនារី។
កញ្ញា ស៊ុ ចិន្តា បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍អន្តរជាតិរៀបចំសម្រាប់កីឡាករកីឡាការិនីវាយកូនបាល់វ័យក្មេងនេះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ បន្ទាប់ពីលើកទី១ ឆ្នាំ២០២៣ កម្ពុជាមានកីឡាករចូលរួម២នាក់។ សម្រាប់ការប្រកួតនៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ កម្ពុជាមានតែកីឡាករម្នាក់ប៉ុណ្ណោះ គឺកីឡាករ ផល រតនៈ ដោយមិនមានកីឡាការិនីកម្ពុជាចូលរួមប្រកួតនោះឡើយ ។
អ្នកសម្របសម្រួលរូបនេះអះអាងថា ការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិលើកទី២នេះ បានរៀបចំឡើង ដើម្បីបង្ហាញផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជា និងអន្តរជាតិមើលឃើញអំពីការរីកចម្រើនផ្នែកវិស័យកីឡាវាយកូនបាល់។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្តរជាតិ ATF Asian 14U Junior Championship 2024 មាន១៦ប្រទេសចូលរួមសុទ្ធសឹងជាកីឡាករកីឡាការិនីវាយកូនបាល់វ័យក្មេង ចាប់ពីអាយុ៩ឆ្នាំដល់១៣ឆ្នាំ ដែលជ្រើសរើស ដោយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ហើយគ្រោងនឹងដំណើរការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕