កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា កាំង មុយនីនត្រៀមចូលរួមប្រកួត នៅថៃជាលើកទី២
ភ្នំពេញ ៖ កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា កាំង មុយនីន ជាបេក្ខភាពម្នាក់ក្នុងចំណោម បេក្ខភាព ផ្សេងទៀត ដែលសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូន រួមជាមួយគ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីចំនួន ៤ រូប ដែលបានសម្រិតសម្រាំង ចាត់បញ្ជូនឲ្យទៅចូលរួមព្រឹត្តិការណ៍ការប្រកួត XVIII Finswimming World Cup Round 4 ចាប់ផ្ដើមពីថ្ងៃទី៦ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តភូកេត ប្រទេសថៃ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកបានប្រាប់តាមអនឡាញថា នេះជាការចូលរួមការប្រកួត XVIII Finswimming World Cup Round 4 ជាលើកទី២ហើយសម្រាប់ប្រភេទកីឡាហែលទឹកជើងទារបស់កម្ពុជា ។ ដោយកាលពីការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅប្រទេសថៃនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ មុនការប្រកួតកីឡា SEA GAME 2023 នៅកម្ពុជា កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា កាំង មុយនីន ដណ្តើមបានមេដាយមាស ៣គ្រឿង និងសំរិទ្ធ១គ្រឿង គឺជាការប្រកួតកម្រិតយុវជន ។
លោកអគ្គលេខាធិការបានបន្តថា ការប្រកួតលើកទី២នេះសហព័ន្ធខ្មែរហែលទឹកបានបញ្ជូនគ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនី ៤ រូបរួមមានលោកគ្រូបង្វឹក ហែម ថុនពន្លឺ កីឡាករ ហែម ប៉ុច កីឡាការិនី កាំង មុយនីន និងកីឡាការិនី ហួន ទិត្យដាលីន ។ ការប្រកួតលើកនេះបានចែកចេញជា ២ កម្រិត គឺកម្រិតយុវជន និងកម្រិតពេញវ័យ សម្រាប់ការប្រកួតកម្រិតពេញវ័យក្នុងនោះកីឡាករ ហែម ប៉ុច កីឡាការិនី កាំង មុយនីន ព្រមទំាងកម្រិតយុវជនកីឡាការិនី ហួន ទិត្យដាលីន ។
លោក ហែម គីរី បានបញ្ជាក់ថា វត្តមានកីឡាការិនី ហួន ទិត្យដាលីន ឆ្នាំនេះ ដោយសារលោកបានមើលឃើញស្ទង់នៃការហ្វឹកហាត់របស់កីឡាការិនីរូបនេះរីកចម្រើន និងប្រកួតបានល្អសាកល្បងនៅប្រទេសថៃកាលពីពេលថ្មីៗនេះ ទើបសម្រេចចិត្តបញ្ជូនឲ្យ កីឡាការិនី ហួន ទិត្យដាលីនចូលរួមប្រកួត ។
ជាមួយគ្នានោះសហព័ន្ធខ្មែរហែលទឹកបញ្ជូនមន្រ្តី ២ រូប គឺលោក ឆោម ចាន់ថន និងលោក ហែម ថុនពន្លឺ ចូលរួមវគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេសក្នុងការប្រកួតកីឡាហែលទឹកជើងទានៅប្រទេសថៃ។ ការចូលរួមវគ្គនេះ ដោយរៀនស្តីទី ការអនុវត្តសម្រាប់ការប្រកួតកីឡាហែលទឹកជើងទា ក្រោយពីបញ្ចប់ការសិក្សានឹងធ្វើការប្រឡង់ទៀតផង។
លោក ឆោម ចាន់ថន និងលោក ហែម ថនពន្លឺ គឺជាមន្រ្តីបច្ចេកទេសផ្នែកកីឡាហែលទឹកជើងទាដំបូងគេដែលសហព័ន្ធខ្មែរហែលទឹកបានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលរៀបចំដោយសហព័ន្ធហែលទឹកជើងទាអន្តរជាតិ៕