ពិធីរត់ភ្លើង គប់កីឡាជាតិ លើកទី៤ ចាប់ចេញពីខេត្តកែប គ្រោងបញ្ចប់នៅរាជធានីភ្នំពេញ

Detail Top Banner

ខេត្តកែប ៖ ភ្លើងគប់កីឡាជាតិលើកទី៤ កីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ចាប់ផ្តើមចេញពីខេត្តកែប ឆ្ពោះទៅខេត្តព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង និងមកដល់ភ្នំពេញ ប្រារព្វពិធីបើកការប្រកួត នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។


ដែលពិធីបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរៀបចំឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អោយដោយផ្ទាំងទស្សនីយភាពចូលរួមសម្ដែង ពីសំណាក់កំពូលតារារ៉េប Vanda Vantan ព្រះនាងនរោត្តម ចេណ្ណា និងទស្សនីយភាពវប្បធម៌ យុទ្ធគុនដូនតាដ៏អស្ចារ្យ និងមានការអុជកាំជ្រួចដ៏ប្រណិតផងដែរ ។


ថ្លែងនៅកន្លែងប្រារព្វពិធីចាប់ផ្តើមដង្ហែភ្លើងគប់ នៃបរិវេនមុខសាលាខេត្តកែប ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា រៀបចំប្រកួតចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានី ខេត្តចំនួន ០៥ គឺ៖ រាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និង ខេត្តកំពង់ឆ្នាំង ។ ប្រារព្ធពិធីបើកដំណើរការ ប្រកួតដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយការប្រារព្ធពិធីបិទ ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចមហាបវរ នៅពហុកីឡដ្ឋាជាតិអូឡាំពិក ។


ឯកឧត្តម កែ ប៊ុនខៀង បានអោយដឹងថា សម្រាប់ការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំនេះត្រូវបាន កំណត់យកប្រភេទកីឡា ចំនួន៣៦ រួមមាន ៖ វិញ្ញាសាចំនួន ៣២៨ ដោយឡែក សម្រាប់ប្រភេទកីឡា ត្រូវចូលរួមប្រកួត កីឡាជាតិ ជនពិការ លើកទី២ មាន១៣ ប្រភេទកីឡា ហើយមានវិញ្ញាសាចំនួន ៥៥ សរុបរួមស្មើ នឹង ៣៨៣វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ៥,៣៣៩ នាក់ ដែល អញ្ជើញមកពី ២៥ រាជធានី ខេត្ត និងក្រសួង៣ (ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ)។

គណៈកម្មការរៀបចំការ ប្រកួតបានកំណត់យកទីតាំងទីលានចំនួន៥ រាជធានី ខេត្ត ដើម្បីរៀបចំការ ប្រកួតឱ្យស្រប តាមស្តង់ដា រួមមាន៖ ១) នៅរាជធានីភ្នំពេញមាន ១៧ ទីលាន៖ ២) ខេត្តកែប នៅទីរួមខេត្ត និង ឆ្នេរដង្គោល ៣) ខេត្តព្រះសីហនុ នៅឆ្នេររាម និងឆ្នេរអូរឈើទាល ៤) ខេត្តកំពង់ឆ្នាំង នៅមុខសាលាខេត្ត និង ភ្នំត្រាក និង ៥) ខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ។ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា ក៏បានកំណត់យុទ្ធការណ៍អប់រំចំនួន ៥ រួមមាន៖ទី១ កីឡារស់ក្នុងសន្តិភាព ទី២ប្រជជនម្នាក់ លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត ទី៣ កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី ទី៤ កីឡាបៃតង កីឡាស្អាតស្អំ និងចុងក្រោយ កីឡាគ្មានសារធាតុដូប៉ា-ដូពីង៕

You might also like