សហព័ន្ធគុនខ្មែរ ជ្រើសរើស ជើងខ្លាំងគីឡូធ្ងន់៣រូប ដើម្បផ្សព្វផ្សាយគុនខ្មែរនៅចក្រភពអង់គ្លេស
(ភ្នំពេញ)៖ សហព័ន្ធប្រដាល់គុនខ្មែរ បានជ្រើសរើសកីឡាករគីឡូធ្ងន់លំដាប់ជួរមុខកម្ពុជា៣រូបមាន កីឡាករព្រុំ សំណាង ថៃ រ៉េត និង រឿង សោភ័ណ្ឌ ឱ្យទៅ ចូលរួមការប្រកួតនៅចក្រភពអង្គគ្លេស ដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៤ ។
លោក ស្រ៊ឺ ស្រេង បានគូសបញ្ជាក់ថា នេះជាការចេញទៅលើកដំបូងរបស់អ្នកប្រដាល់គុនខ្មែរទៅកាន់ទឹកដីចក្រភពអង់គ្លេស ហើយការចេញទៅនេះ គឺមានកីឡាករកម្ពុជា៣រូប សុទ្ធសឹងជាប្រភេទកីឡាករទម្ងន់ធ្ងន់ មានកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ប្រកួតទម្ងន់៧៥គីឡូក្រាម កីឡាករគុនខ្មែរ ថៃ រ៉េត ប្រកួតក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាម និងកីឡាករគុនខ្មែរ ព្រុំ សំណាង ប្រកួតក្នុងប្រភេទទម្ងន់ ៨០គីឡូក្រាម ។ អ្នកដឹកនាំរូបនេះ បានអះអាងថា ការចេញទៅកាន់ទឹកប្រទេសអង់គ្លេសលើកដំបូងនេះ រូបលោក មានការជឿជាក់ខ្ពស់លើសមត្ថភាពកីឡាករគុនខ្មែរទាំង ៣រូបថា នឹងប្រជែងដណ្តើមបានជ័យជំនះជូនកម្ពុជា ។
ដោយឡែកកីឡាករគុនខ្មែរកម្ពុជាទាំង៣រូប បានអះអាងថា ការចេញទៅកាន់ទឹកដីចក្រភពអង់គ្លេសជាលើកដំបូងនេះ ពួកគេនឹងប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាពដើម្បីនាំយកជ័យជំះ បង្ហាញអំពីភាពអស្ចារ្យនៃគុនខ្មែរលើឆាកអន្តរជាតិ។
ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានប្រសាសន៍ថា សម្រាប់ការចេញទៅចក្រភពអង់គ្លេសជាលើកដំបូងរបស់កីឡាករគុនខ្មែរប្រភេទគីឡូធ្ងន់ក្នុងនាមជាស្ថាប័នគុនខ្មែរ។ ក្នុងនាមសហព័ន្ធដែលជាអាណាព្យាបាល សូមចូលរួមគាំទ្រយ៉ាងពេញទំហឹង។ឯកឧត្តម ប្រធាន សហព័ន្ធ បានគូសបញ្ជាក់ថា ក្នុងវិធីប្រដាល់របស់ស្ថាប័ន MTGPរបស់ចក្រភពអង់គ្លេសនេះ ជាកម្មវិធីប្រដាល់ដ៏ធំ ដែលកន្លងមក កម្ពុជាយើងពុំដែលត្រូវបានអញ្ជើញចូលរួមឡើយ ខណៈពេលនេះ កម្ពុជាយើង ត្រូវបានកម្មវិធីដ៏ធំរបស់អង់គ្លេសអញ្ជើញចូលរួម ទាំងអស់នេះ បានសរបញ្ជាក់ថា កីឡាករគុនខ្មែរយើងមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើការប្រកួតប្រជែងជាមួយកីឡាកររបស់គេបាន ព្រមទាំងជួយឱ្យកម្មវិធីប្រកួតដែលមានវត្តមានកីឡាករប្រដាល់គុនខ្មែរកាន់តែទាក់ទាញបានប្រជាប្រិយភាពសម្រាប់កម្មវិធីទាំងមូលផងដែរ។ឯកឧត្តម ប្រធានសហព័ន្ធ បានចាត់ទុកការបង្ហាញវត្តមានលើកដំបូងរបស់កីឡាករគុនខ្មែរនៅលើទឹកដីអង់គ្លេសនេះ ជាឱកាសផ្សព្វផ្សាពីសក្កានុពលគុនខ្មែរនៅទ្វីបអឺរ៉ុបឱ្យពួកគេបានឃើញអំពីក្បាច់គុនអត្តសញ្ញណជាតិខ្មែរដែលបន្យល់ទុកពីដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយ ។
នេះជាឱកាសមាសហើយ សម្រាប់កីឡាករគុនខ្មែរកូនចៅជំនាន់ក្រោយដែលជាអ្នកស្នងមរតកក្បាច់គុនចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយរីកសុះសាយជុំវិញពិភពលោក៕