ព្រឹកថ្ងៃសៅរ៍ស្អែកនេះ ! ពិធីរត់ភ្លើងគប់អបអរព្រឹត្តិការណ៍កីឡាជាតិនឹងបន្តធ្វើនៅខេត្តកំពង់ឆ្នាំង

Detail Top Banner

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤នឹងត្រូវប្រារព្ធពិធីរត់ភ្លើងគប់អបអរសាទរកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០ នាទីព្រឹកពីសួនដំរីស ទៅកាន់វេទិកា មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ប្រធាននាយកដ្ឋានរូបនេះបានបង្ហាញកម្មវិធីរត់ភ្លើងគប់ នាព្រឹកថ្ងៃស្អែកនេះថា នៅវេលាម៉ោង៦ព្រឹកជួបជុំថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអ្នកចូលរួមប្រមាណ ៣ ៥០០នាក់ ក្នុងនោះកីឡាករ-កីឡាការិនីប្រមាណ ១៥០នាក់ និងកីឡាទោចក្រយាន ២០នាក់ សិស្សានុសិស្សសាលារដ្ឋ និងឯកជន ប្រមាណ ២ ៥០០នាក់ សិស្សកាយរឹទ្ធ ៥០នាក់ កាកបាទក្រហម ៥០នាក់ និង សសយក ១០០នាក់។

តាមការគ្រោងទុកថា កម្មវិធីទទួលភ្លើងគប់ និងចេញដំណើរនៅសួនដំរីស ម៉ោង ០៦:៤៥ នាទីព្រឹក និងមានសន្ទរកថាបើកដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត ហើយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ទទួលភ្លើងគប់ពីឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួចរត់ចម្ងាយ ១០០ម៉ែត្រ រួមដំណើរដោយ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត។ ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរ អង្គភាពជុំវិញខេត្តទទួលភ្លើងគប់ពី ឯកឧត្តមអភិបាលខេត្ត រត់ចម្ងាយ ១០០ម៉ែត្រ រួចបន្តទៅឱ្យកីឡាករ-កីឡាការិនី គ្រូកីឡា គ្រូបង្វឹក រត់ចម្ងាយ ៣ ២០០ម៉ែត្រ រួចប្រគល់ជូន លោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កំពង់ឆ្នាំង រត់ ១០០ម៉ែត្រ ចុងក្រោយ។

ពិធីរត់ភ្លើងគប់អបអរសាទរព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ត្រូវបានរៀបចំចំនួន២ខេត្តយ៉ាងអធិកអធមមករួចមកហើយ ដូចជាខេត្តកែប និងខេត្តព្រះសីហនុ ខណៈខេត្តកំពង់ឆ្នាំង ជាខេត្តទី៣ ត្រូវរៀបចំរត់ភ្លើងគប់ ហើយក៏ជាម្ចាស់ផ្ទះរៀបចំការប្រកួតលើប្រភេទកីឡាទោចក្រយាន នៅព្រឹកថ្ងៃសៅរ៍ទី១៩ខែតុលាស្អែកនេះ។ ពិធីរត់ភ្លើងគប់នឹងត្រូវបន្តធ្វើនៅខេត្តស្វាយរៀង នាចុងសប្តាហ៍បន្ទាប់ និងចុងក្រោយ ពិធីរត់ភ្លើងគប់នឹងត្រូវឆ្ពោះមកពីតំបន់ការដ្ឋានព្រីកជីកហ្វូណនតេជោក្នុងខេត្តកណ្តាលមករាជធានីភ្នំពេញ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ តែម្តង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤នឹងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ក្រោមបុព្វបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ» ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏បានកំណត់យុទ្ធនាការអប់រំចំនួនប្រាំរួមមាន៖ ១.កីឡារស់ក្នុងសន្តិភាព ២.ប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត ៣.កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី ៤.កីឡាបៃតង កីឡាស្អាតស្អំ ៥.កីឡាគ្មានសារធាតុដូប៉ា-ដូពីង៕

You might also like