ឯកឧត្តម យី វាសនា ៖ កីឡាជនមានពិការភាព ជាចំណែកជួយជម្រុញភាពរីកចម្រើននៃវិស័យកីឡាកម្ពុជា
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាគាំទ្រឱ្យរៀបចំប្រភេទកីឡាចំនួន១៣ ពោលគឺច្រើនជាងកាលពីកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ កន្លងទៅ ដែលមានត្រឹម៧ប្រភេទកីឡាប៉ុណ្ណោះ ដោយនេះជាភាពចំណេញមួយ និងបង្ហាញពីការរីកចម្រើននៃវិស័យកីឡាកម្ពុជា រួមទាំងកីឡាជនពិការផងដែរ។
ឯកឧត្តមអគ្គលេខាធិការបានចាត់ទុកថា ការបង្កើនចំនួនប្រភេទកីឡាជនពិការកាន់តែច្រើននេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះប្រភេទកីឡាពិការ ដូចប្រភេទកីឡាមិនពិការដែរ។ ការរៀបចំការប្រកួតទាំង១៣ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍កីឡាជាតិជនពិការ ឆ្នាំ២០២៤នេះ គឺជាការវិនិយោគដ៏សំខាន់មួយ ក្នុងការជំរុញ និងអភិវឌ្ឍប្រភេទកីឡាជនពិការកម្ពុជាទាំង១៣ប្រភេទកីឡា ត្រៀមឆ្ពោះទៅចូលរួមប្រជែងមេដាយជូនជាតិ នៅក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេសថៃ នាខែមករា ឆ្នាំ២០២៦ ខាងមុខ។
ឯកឧត្តម យី វាសនា ចាត់ទុកថា ការបង្កើនប្រភេទកីឡាច្រើន ក្នុងកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ ដែលធ្វើឡើងរួមគ្នានេះ គឺជាភាពចំណេញមួយ និងបង្ហាញពីការរីកចម្រើននៃវិស័យកីឡាកម្ពុជា រួមទាំងប្រភេទកីឡាជនពិការផងដែរ។គួរបញ្ជាក់ថា ១៣ប្រភេទកីឡាជនពិការនេះ មានដូចជា កីឡាអត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី យូដូ បាល់បោះជនពិការភ្នែក បាល់បោះរទេះ បាល់ទាត់ជនពិការភ្នែក បាល់ទះអង្គុយ អុកអន្តរជាតិ បូស្យា អេឡិចត្រូនិក និងវាយកូនឃ្លីលើតុ។ ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ត្រូវបានរៀបចំពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤៕