ការប្រកួតជើងឯកថ្នាក់ជាតិកីឡាប្រដាល់គុនខ្មែរ ឆ្នាំ ២០២៤ ផ្តល់ឱកាសដល់យុវជនសិស្សានុសិស្ស ចូលរួមប្រកួតប្រជែង
កំពង់ឆ្នាំង៖ ថ្លែងក្នុងពិធីបើកនារាត្រីថ្ងៃទី១៧ ខែកុម្ភៈ ឯកឧត្តម ខូវ ឆាយ បានលើកឡើងថា ការប្រកួតជើងឯកថ្នាក់ជាតិកីឡាប្រដាល់គុនខ្មែរ ឆ្នាំ ២០២៤ គឺជាឱកាសសំខាន់មួយ សម្រាប់យុវជន និងសិស្សានុសិស្សដែលមានចំណង់ចំណូលចិត្តក្នុងវិញ្ញាសាកីឡានេះ។
ឯកឧត្តម ខូវ ឆាយ បានសង្កត់ធ្ងន់ថា កីឡាករត្រូវមានស្មារតីកីឡា ឆ្ពោះទៅរកការអភិវឌ្ឍខ្លួន និងការចេះសហការជាក្រុម ដើម្បីជាជំគំរូដល់កីឡាករជំនាន់ក្រោយ។ ការប្រកួតនេះមិនត្រឹមតែជាការជ្រើសរើសកីឡាករដែលមានសមត្ថភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតវេទិកាបណ្តុះបណ្តាលភាពរួបរួមសាមគ្គី និងការផ្សព្វផ្សាយវប្បធម៌កីឡាប្រដាល់ប្រពៃណីរបស់ជាតិខ្មែរទៀតផង។
ជាមួយគ្នានោះឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា បានក៏បានមានប្រសាសន៍ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិកីឡាប្រដាល់គុនខ្មែរ ឆ្នាំ ២០២៤ ជាកិច្ចការសំខាន់ក្នុងការជ្រើសរើសកីឡាករដែលមានសមត្ថភាពល្អបំផុត និងលើកកម្ពស់កីឡាប្រពៃណីខ្មែរឱ្យកាន់តែរីកចម្រើន។ ឯកឧត្តម ប៉ុន សុខ បន្តថា កីឡាប្រដាល់គុនខ្មែរជាកីឡាបុរាណដ៏មានតម្លៃ ដែលត្រូវការការអភិរក្ស និងជំរុញឲ្យកាន់តែមានការចូលរួមពីយុវជន។ អគ្គនាយកកីឡា ដ៏ដែលបានបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានយកចិត្តទុកដាក់ក្នុងការរៀបចំការប្រកួតនេះ ដើម្បីជំរុញការអភិរក្ស និងការចូលរួមរបស់យុវជនចំពោះកីឡានេះ។ ខណៈការអប់រំ និងការលើកកម្ពស់វិស័យកីឡា គឺជាគោលដៅសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងការកសាងស្មារតីរួបរួមក្នុងសង្គម ។
ការប្រកួតនេះបានចាប់ផ្តើមដំណើរការពីថ្ងៃទី១៧ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ចំណុចរង្វង់មូល ព្រះគោព្រះកែវ ផ្លូវជាតិលេខ៥) ដោយមានសមាគមកីឡាប្រដាល់គុនខ្មែរ ចំនួន ១៥ សមាគម នៅរាជធានី-ខេត្តចូលរួម។ កីឡាករចំនួន ១០៦ នាក់ ដែលក្នុងនោះមានកីឡាការិនីចំនួន ៣៣ នាក់ បានចូលរួមប្រកួតលើវិញ្ញាសាប្រភេទទម្ងន់ផ្សេងៗ។ សម្រាប់ប្រភេទបុរស មានចាប់ពី ៣៥ គីឡូក្រាម ដល់ ៦៣.៥ គីឡូក្រាម ចំណែកឯប្រភេទនារីមានចាប់ពី ៣៥ គីឡូក្រាម ដល់ ៥៤ គីឡូក្រាម។ ដោយត្រូវដណ្តើមមេដាយសរុប៧៦គ្រឿង ៕