លោក រិទ្ធ ឌីកា ដឹកនាំអតីតកីឡាករព្រះខ័នរាជស្វាយរៀង ៤០ នាក់ បរិច្ចាគឈាមក្នុងកម្មវិធី “យើងរួមគ្នាបរិច្ចាគឈាម ១០០០ សាក់ សង្រ្គោះជីវិត”

Detail Top Banner

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានដឹកនាំអតីតកីឡាករព្រះខ័នរាជស្វាយរៀងចំនួន ៤០ នាក់ ចូលរួមកម្មវិធីបរិច្ចាគឈាម “យើងរួមគ្នាបរិច្ចាគឈាម ១០០០ សាក់ សង្រ្គោះជីវិត” ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

លោក រិទ្ធ ឌីកា បានបញ្ជាក់ថា ការចូលរួមក្នុងកម្មវិធីនេះ គឺដើម្បីចូលរួមចំណែកជួយសង្គម និងជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមបន្ទាន់នៅតាមបណ្ដាមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា។ លោកក៏បានលើកឡើងផងដែរថា ការបរិច្ចាគឈាម មិនត្រឹមតែជាការចូលរួមលើកស្ទួយវិស័យសុខាភិបាល និងសុខមាលភាពសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីចិត្តសប្បុរស និងទឹកចិត្តអាណិតស្រលាញ់របស់អតីតកីឡាករព្រះខ័នរាជស្វាយរៀងផងដែរ។

លោកបានបន្ថែមថា ការបរិច្ចាគឈាមយ៉ាងសកម្ម អាចផ្តល់អត្ថប្រយោជន៍សុខភាពដល់អ្នកបរិច្ចាគផ្ទាល់ផងដែរ ដោយជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺមហារីកផ្សេងៗ។

ខាងលោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានអបអរសាទរនូវការចូលរួមរបស់អតីតកីឡាករព្រះខ័នរាជស្វាយរៀង និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការបរិច្ចាគឈាម។ លោកបានបញ្ជាក់ថា ការបរិច្ចាគឈាមជួយឲ្យអាចស្វែងរកជំងឺឆ្លងផ្សេងៗដូចជា ជំងឺថ្លើម បេ សេ និងអេដស៍។ លើសពីនេះ ការបរិច្ចាគឈាមក៏ជួយកាត់បន្ថយកំហាប់ឈាម ការលើសជាតិដែក ដែលអាចប៉ះពាល់ដល់ថ្លើមនិងលំពែងផងដែរ។

កម្មវិធីបរិច្ចាគឈាមនេះ មិនត្រឹមតែជាការជួយសង្គមនោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឲ្យមានទម្លាប់ផ្តល់ឈាមជាប្រចាំ ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតបណ្តាជនរងគ្រោះដែលកំពុងត្រូវការឈាមបន្ទាន់នៅតាមបណ្ដាមន្ទីរពេទ្យទូទាំងប្រទេស៕

You might also like