ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរក្លាយជាជើងឯកការប្រកួតបាល់ទាត់ថ្នាក់ខេត្ត ឆ្នាំ ២០២៥
ខេត្តកណ្តាល៖ ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរបានគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នារីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ ២០២៥ ដែលរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។ ការប្រកួតនេះមានគោលបំណងជ្រើសរើសកីឡាការិនីឆ្នើមឲ្យត្រៀមចូលរួមការប្រកួតទូទាំងប្រទេស។
ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់នារីសាលារៀនបញ្ញាវន្តខ្មែរបានយកឈ្នះលើក្រុមបាល់ទាត់នារី ស្អាងយើងស្អាត ដោយលទ្ធផល ៤-១ ក្លាយជាជើងឯក ខណៈក្រុមបាល់ទាត់នារី ស្អាងយើងស្អាត បានត្រឹមជើងឯករង។ សម្រាប់ក្រុម វិទ្យាល័យហ៊ុន សែន ស្អាង បានយកឈ្នះលើ វិទ្យាល័យហ៊ុន សែន តាខ្មៅ ដោយលទ្ធផល ៣-១ ជាប់ចំណាត់ថ្នាក់ទី ៣។
ក្នុងពិធីបិទការប្រកួត ដែលប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅកីឡដ្ឋានខេត្តកណ្តាល មានការអញ្ជើញចូលរួមពីសំណាក់លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា និងថ្នាក់ដឹកនាំផ្សេងៗ។
លោក ចេង សំអ៊ុល បានលើកឡើងថា ការប្រកួតនេះគឺជាការបណ្តុះស្មារតីដល់កីឡាការិនីឲ្យខិតខំហ្វឹកហាត់ ដើម្បីអភិវឌ្ឍគុណភាពបច្ចេកទេស និងក្លាយជាធនធានឆ្នើមរបស់ខេត្ត។ កីឡាការិនីឆ្នើមទាំងនេះនឹងត្រូវបានជ្រើសរើសសម្រាប់ការប្រកួតកីឡាសិស្សថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ ២០២៥ខាងមុខ។
ការប្រកួតកីឡាបាល់ទាត់នារីនេះ គឺជាផ្នែកមួយនៃផែនការប្រតិបត្តិប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។ លើសពីនេះ ការហ្វឹកហាត់កីឡាក៏ជាការអប់រំដ៏ចាំបាច់ ហើយអាចជួយបណ្តុះបណ្តាលឲ្យយុវជនក្លាយជាមនុស្សល្អ និងជៀសផុតពីអំពើអបាយមុខផ្សេងៗផងដែរ៕