ការប្រកួតជើងឯកកីឡារាំ ផ្តល់ឱកាសឲ្យអត្តពលិកបញ្ចេញសមត្ថភាព

Detail Top Banner

ភ្នំពេញ៖ ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ជាការផ្តល់ឱកាសឲ្យអត្តពលិកបានបញ្ចេញសមត្ថភាព បទពិសោធន៍បច្ចេកទេស និងទេពកោសល្យរបស់ខ្លួន ដើម្បីងាយស្រួលសម្រាប់សហព័ន្ធសម្លឹងរកមើលអ្នកមានសមត្ថភាពយកមកប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ត្រៀមការប្រកួតកម្រិតអន្តរជាតនាពេលខាងមុខ ។នេះបើតាមការលើកឡើងរបស់លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការស្ត្រី និងកីឡា ក្នុងពិធីបើកការប្រកួតជ្រើសរើសជើងឯកកីឡារាំប្រចាំ ឆ្នាំ២០២៤ នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគារ CJCC នៃសកលភ្នំពេញ រាជធានីភ្នំពេញ ។

លោកជំទាវបណ្ឌិត កុយ ពិសី បានមានប្រសាសន៍ថា វិស័យកីឡារាំនៅកម្ពុជា កំពុងមានការអភិវឌ្ឍន៍ និងរីកចំរើន ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្នែកបរិមាណ និងគុណភាព ទាំងក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ គួរជាទី មោទនភាព។ ការប្រកួតកីឡារាំនៅថ្ងៃនេះ ជាការឆ្លុះបញ្ចាំងនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍បច្ចេកទេស និងទេពកោសល្យរបស់កីឡាករ-កីឡាការិនី ដែលបានធ្វើការហ្វឹកហាត់ អស់រយៈ ពេលជា ច្រើនឆ្នាំ កន្លងមក មកបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងការប្រកួតនាពេលនេះ។

លោកស្រីបណ្ឌិតបានបន្តថា ក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និង កីឡាបានផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡារាំកម្ពុជា ព្រមទាំងដៃគូសហការឧបត្ថម្ភ និងសប្បុរសជន សិល្បៈករ-សិល្បការិនីបានជួយគាំទ្រលើកទឹកចិត្តសម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើងប្រកប ដោយបរិយាកាសរីករាយ ស្និទ្ធស្នាលយ៉ាងកក់ក្តៅ ក្នុងគោលបំណង លើកកម្ពស់ ការអប់រំសុខមាលភាព ខាងផ្លូវកាយ ផ្លូវចិត្ត និងជាពិសេសដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសតិចនិចដល់កីឡាករ-កីឡាការិនី ទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការប្រកួតនាពេលនេះ ក៏ដូចជាការប្រមែប្រមូលធនធានកីឡាករ- កីឡាការិនីមានសក្តានុពល ចូលរួមប្រកួតជ្រើសរើសជើងឯកកីឡារាំថ្នាក់ជាតិ ក៏ដូចជាការត្រៀម ចូលរួមប្រកួតកីឡារាំអន្តរជាតិនានានៅពេលខាងមុខនេះ។

លោកជំទាវប្រធានគណៈកម្មការស្ត្រី និងកីឡា បានផ្តាំផ្ញើនូវចំណុចមួយចំនួន ដល់គណៈកម្មការរៀបចំការប្រកួត គណៈកម្មការបច្ចេកទស គ្រូបង្វឹក ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះភារកិច្ចនេះឲ្យបានល្អប្រសើរ ក្មួយៗកីឡាករ-កីឡាការិនី ទាំងអស់ត្រូវខិតខំយកចិតទុកដាក់គោរពនូវបទបញ្ជាប្រកួតនានា ដែលសហព័ន្ធកីឡារាំកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិក បានចែងឡើង និងរក្សានូវឆន្ទៈ គោរពដៃ គូរបស់ ខ្លួនក្នុងពេលប្រកួត ដោយមិនសម្ដែងនូវអាកប្បកិរិយាណាដែលមិនសមរម្យ។ ត្រូវបង្កើននូវ សមត្ថភាពរបស់ខ្លួនឲ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ក៏ដូចជាវិស័យកីឡារាំឲ្យកាន់តែបាន ល្អប្រសើរថែមទៀត សំរាប់សហព័ន្ធកីឡារាំកម្ពុជា។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបាននិយាយថា ការប្រកួតជ្រើសរើសជើងឯកកីឡារាំថ្នាក់ជាតិឆ្នាំ២០២៤នេះប្រព្រឹត្តទៅចាប់ពីថ្ងៃ២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅ CJCC ដោយមានក្រុមកីឡាករ-កីឡាការិនីរាំចំនួន ៧១ នាក់មក៥ក្លិបរួមមានសមាគមកីឡារាំក្រសួងការពារជាតិ សមាគមកីឡារាំក្រសួងមហាផ្ទៃ ក្លិបកីឡារាំខេត្តកំពង់ចាម ក្លិបកីឡារាំខេត្តកណ្តាល និងក្លិបកីឡារាំខេត្តបាត់ដំបង ៕

You might also like