ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ បានបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ ការប្រកួតជ្រើសរើសជើងឯកកីឡារាំប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមវត្តមាន លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការស្តីទីតំណាងឲ្យលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី រួមជាមួយលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាល្ងាចថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

លោកជំទាវ គឹម ស៊ីផាត់ បានមានប្រសាសន៍ថា ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡារាំកម្ពុជាបានសហការគ្នាយ៉ាងល្អ និងសម្រេចបាននូវលទ្ធផលវិស័យកីឡា គួរជាទីពេញចិត្ត និងបានបង្ហាញនូវមោទនភាពជាតិលើឆាកជាតិ និងអន្តរជាតិ។
ក្នុងរយៈកាលចុងក្រោយនេះ វិស័យកីឡាជាតិ ក៏ដូចជាកីឡារាំ មានការវិវឌ្ឍគួរជាទីសាទរ និងទទួល បានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសក្នុងស្រទាប់យុវជន យុវនារី ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ បានរួមគ្នាធ្វើកំណែទម្រង់វិស័យកីឡា លើគ្រប់ទិដ្ឋភាព។ ជោគជ័យទាំងនោះបានស្តែងឡើង តាមរយៈការទទួលបានមេដាយពីការ ប្រកួតលក្ខណៈជាតិ តំបន់ និងអន្តរជាតិ។

លោកស្រីរដ្ឋលេខាធិការស្តីទីបានបន្តថា ការរៀបចំការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ នាពេលនេះ ពិតជាបានបង្ហាញ អំពីសុខសន្តិភាព និងការអភិវឌ្ឍលើវិស័យកីឡារាំ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ជាឱកាសមួយ ដែលផ្តល់ឱ្យកីឡាករ កីឡាការិនី កីឡារាំ អាចសាកល្បងសមត្ថភាព មុនពេល ចូលរួមប្រកួតកីឡាអន្តរជាតិនានា ជាពិសេសត្រៀមលក្ខណៈចូលរួមការប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៏ប្រកួតកីឡារាំពិភពលោក WDSF Champion ship Latin & Standard WDSF South Easth Asian Championship Latin & Standard និង WDSF Adult/ Youth/ Junior Solo Girls Championship ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេស វៀតណាមនាពេលខាងមុខនេះ ។

ជាការពិត វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យទំនាក់ទំនង ជាតិ និង អន្តជាតិ។ ការប្រកួតជ្រើសរើសជើងឯកកីឡារាំថ្នាក់ជាតិ រៀងរាល់០១ឆ្នាំម្តង ឆ្លុះបញ្ចាំងឱ្យឃើញនូវការ រឹតចំណងមិត្តភាព, សាមគ្គីភាព, និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង ក្លឹបនិងក្លឹប ដែល ជាសមាជិកទាំងអស់របស់សហព័ន្ធកីឡារាំកម្ពុជា។ ជាងនេះទៀត វិស័យកីឡារាំនេះ ក៏ជា ឱកាសសម្រាប់ការផ្លាស់ប្តូរ ទាំងបច្ចេកទេស តិចនិច ទាំងបទពិសោធន៍ក្នុងការប្រកួតកីឡា រាំនេះ ក៏ជាការបំផុសស្មារតី មហាជនឲ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡានេះ ហើយក៏ជា ការលើកកម្ពស់កិត្តិសព្ទកីឡារាំក្នុងព្រះរាជាណាចក្រកម្ពុជា អន្តរជាតិ។

ចំពោះការប្រកួតជ្រើសរើសជើងឯកកីឡារាំថ្នាក់ជាតិឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥រយៈពេលពេញ១ថ្ងៃ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅ CJCC ដោយមានក្រុមកីឡាករ-កីឡាការិនីរាំចំនួន ៧១ នាក់មក៥ក្លិបរួមមានសមាគមកីឡារាំក្រសួងការពារជាតិ សមាគមកីឡារាំក្រសួងមហាផ្ទៃ ក្លិបកីឡារាំខេត្តកំពង់ចាម ក្លិបកីឡារាំខេត្តកណ្តាល និងក្លិបកីឡារាំខេត្តបាត់ដំបង៕
