វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតរៀបចំឡើង ជំរុញបន្ថែមដល់ដំណើរការអភិវឌ្ឍជំនាញកីឡាប្រពៃណីជាតិខ្មែរឱ្យកាន់តែល្អប្រសើរ

Detail Top Banner

(ភ្នំពេញ)៖ ដើម្បីជំរុញគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតប្រដាល់​គុនខ្មែរ​បានដំណើរការអភិវឌ្ឍជំនាញកីឡាប្រពៃណីជាតិ​ខ្មែ​រឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា បានបើក វគ្គបំប៉នគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតប្រដាល់គុនខ្មែរ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ឯកឧត្តម ម៉ិល កាដូ ប្រធានស្តីទី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ថា វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រង​ការប្រកួតកីឡាប្រដាល់គុនខ្មែរ ត្រូវបានធ្វើឡើងស្របតាមផែនការ​របស់សហព័ន្ធ ដើម្បីលើកកម្ពស់ដល់គុណភាពសមត្ថភាព​មន្ត្រី​បច្ចេកទេស បម្រើដល់ការប្រកួតកីឡាប្រដាល់គុនខ្មែរនានា។

ឯកឧត្តម បន្តទៀតថា វគ្គបំប៉នសមត្ថភាពនេះ ត្រូវបានរៀបចំឡើង​ក្នុងការ​ពន្លឿនផែនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិ។ បច្ចុប្បន្ន សកម្មភាពប្រភេទកីឡាប្រដាល់គុនខ្មែរកំពុងមាន​ការរីក​ចម្រើនគួរឱ្យកត់សម្គាល់ ហើយតាមរយៈវគ្គបំប៉ននេះនឹងជំរុញ​បន្ថែម​ដល់ដំណើរការអភិវឌ្ឍជំនាញកីឡាប្រពៃណីជាតិខ្មែរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរតែងតែខិត​ខំ​សហការ​ជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីបំពេញចំណង់ចំណូលចិ​ត្ត​របស់ប្រជាពលរដ្ឋជាអ្នកគាំទ្រ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ិល កាដូ ក៏បានលើកបង្ហាញពីបញ្ហា​ប្រឈម​មួយចំនួនដែរ បើទោះបីជាការរៀបចំការប្រកួតនានា មានការលំបាកក្តី ក៏យើងខិតខំធ្វើកិច្ចសហការជំរុញឱ្យវិស័យកីឡា​ប្រដាល់គុនខ្មែរកាន់តែដើរទៅមុខទាំងថ្នាក់ជាតិ និងអន្តរជាតិ។ អ្វីដែលកាន់តែលំបាកទៅទៀត គឺការគ្រប់គ្រងការប្រកួត ការងារ​បច្ចេកទេស ប៉ុន្តែយើងទាំងអស់គ្នាមានមោទនភាព នៅពេលដែល​យើងទាំងអស់គ្នាបានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

យ៉ាងណា ការប្រកួតមានលក្ខណៈល្អប្រសើរច្រើន ខណៈការតវ៉ា​ចំពោះអាជ្ញាកណ្តាល ចៅក្រមនៅមានចំនួនតិចតួច ដោយទាំងនេះ​សរបញ្ជាក់អំពីសកម្មភាពអនុវត្តការងារបច្ចេកទេសរបស់មន្ត្រីអាជ្ញាកណ្តាលចៅក្រមមានចំណេះជំនាញច្បាស់លាស់លើប្រភេទកីឡាប្រដាល់គុនខ្មែរនេះ។

ប្រធានស្តីទីបន្ថែមថា អាជ្ញាកណ្តាលចៅក្រមមានចំណេះដឹងច្បាស់​លាស់​អំពីបទបញ្ជាបច្ចេកទេសបានស៊ីជម្រៅ ហើយឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដាក់ទិសដៅ និងចង្អុលបង្ហាញថា គ្រប់ការប្រកួតនីមួយៗ សូមគណៈវិនិច្ឆ័យការ​ប្រកួត​ត្រូវរៀបចំកិច្ចប្រជុំ មុនពេលប្រកួត និងក្រោយបញ្ចប់ការប្រកួត ដើម្បីវាយតម្លៃអំពីការប្រកួតនីមួយៗនោះថា រាល់ការប្រកួតទាំងនោះ​បាន​ដំណើរការដោយយុត្តិធម៌ ឬមានការតវ៉ាអ្វីកើតឡើងឬទេ។

ទន្ទឹមនិងនោះ ឯកឧត្តមប្រធាន ក៏បានកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីគណៈគ្រប់គ្រង អាជ្ញាកណ្តាល ចៅក្រម ដែលខិត​ខំបំពេញ​ការងារបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ នាពេលកន្លងមក ដែលធ្វើឱ្យកិត្តិយស កិត្តិសព្ទរបស់វិស័យកីឡា​ប្រដាល់គុនខ្មែរកាន់តែល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ស្រប​ពេលគ្នានេះ ប្រតិភូកីឡាប្រដាល់គុនខ្មែរ ក្រោមការដឹកនាំរបស់​ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ កំពុងស្ថិតនៅទឹកដីសហរដ្ឋ​អាមេរិក ដើម្បីត្រៀមការប្រកួត និងផ្សព្វផ្សាយប្រដាល់គុនខ្មែរដណ្តើ​មខ្សែក្រវាត់។ កន្លងមក កីឡាប្រដាល់គុនខ្មែរធ្លាប់ចេញទៅប្រកួត​ផ្សព្វ​ផ្សាយជាច្រើនលើក នៅតំបន់អឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួត​កីឡា​ប្រដាល់គុនខ្មែរត្រូវបានរៀបចំឡើងរយៈពេល ៥ថ្ងៃពីថ្ងៃទី​០៧-១១ ខែមេសា ឆ្នាំ២០២៥ នៅសាលមជ្ឈមណ្ឌលកីឡាកង​យោធពល​ខេមរភូមិន្ទ (ស្តាតចាស់) ក្រោមការចែករំលែកពីគ្រូ​ឧទ្ទេសចំនួន ៣រូប រួមមាន៖ ឯកឧត្តម ម៉ិល កាដូ, លោក ទុយ ប៊ុនហឿន និងលោក អ៊ិន ខេមរិន៕

You might also like