វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគុនខ្មែរ បិទជាបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាពឯកឧត្តមតែមម៉ឺន
ភ្នំពេញ÷ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបិទវគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យ និងគ្រប់គ្រងការប្រកួត ដែលរៀបចំចាប់ពីថ្ងៃ ៧ ដល់ ១០ មេសា ២០២៥ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។ កម្មវិធីនេះ ដឹកនាំដោយឯកឧត្តម តែមម៉ឺន អនុប្រធានកិត្តិយសសហព័ន្ធ និងអ្នកដឹកនាំជាន់ខ្ពស់ផ្សេងៗ ដែលមានសិក្ខាកាម ៣០ នាក់ (រួមមានស្ត្រី ១ នាក់) ចូលរួម។
ឯកឧត្តមតែមម៉ឺន បានថ្លែងការអបអរសាទរ និងលើកតម្កើងសម្ថភាពសិក្ខាកាម ដែលបានខិតខំចូលរួមពេញលេញ។ លោកបានជំរុញឱ្យពួកគេអនុវត្តចំណេះដឹងដែលទទួលបាន ដើម្បីធានាភាពយុត្តិធម៌ក្នុងការប្រកួត និងចែករំលែកអប់រំទៅយុវជនជំនាន់ក្រោយ។ កម្មវិធីនេះ ត្រូវបានរៀបចំតាមផែនការប្រចាំឆ្នាំ ២០២៥ របស់សហព័ន្ធ ដើម្បីលើកស្ទួយគុណភាពការប្រកួត និងកាត់បន្ថយការរិះគន់ពីសាធារណជន។
សិក្ខាកាមទាំងនេះ ភាគច្រើនជាគ្រូប្រដាល់ពីក្លឹបនានាទូទាំងប្រទេស និងជាអ្នកដឹកនាំការប្រកួតតាមស្ថានីយទូរទស្សន៍ និងព្រឹត្តិការណ៍ជាតិ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពគណៈវិនិច្ឆ័យ ឱ្យកាន់តែសុក្រឹត និងវិជ្ជាជីវៈ។
លទ្ធផលវគ្គបណ្តុះបណ្តាល:
– ល្អណាស់: ៣%
– ល្អ: ៥៧%
– មធ្យម: ៤០%