កម្ពុជាបញ្ជូនក្រុមយូដូចូលរួមព្រឹត្តិការណ៍ Asian Judo Championships 2025 នៅថៃ ត្រៀមស៊ីហ្គេម
ភ្នំពេញ: ខេមរសហព័ន្ធកីឡាយូដូបានប្រកាសថា នឹងផ្ញើក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ៤នាក់ ដែលជាតំណាងក្រុមជម្រើសជាតិកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួត “Asian Judo Championships 2025” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។
ការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ មានគោលបំណងដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងបទពិសោធន៍សម្រាប់កីឡាករជម្រើសជាតិ ខណៈពួកគេកំពុងត្រៀមខ្លួនសម្រាប់ការប្រកួត SEA Games លើកទី ៣៣ ដែលកម្ពុជានឹងចូលរួមនៅឆ្នាំក្រោយនេះ នៅប្រទេសថៃដដែល។
លោក ម៉ារ វង្សវិបុល គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ក្រុមយូដូចំនួន ៤នាក់នឹងចេញដំណើរទៅប្រទេសថៃនៅថ្ងៃទី ២២ ខែមេសា ខណៈព្រឹត្តិការណ៍ប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ២៥ ដល់ ២៨ ខែមេសា ឆ្នាំ ២០២៥។
សមាសភាពក្រុមរួមមាន៖
-
លោក ម៉ារ វង្សវិបុល — គ្រូបង្វឹកជម្រើសជាតិ
-
កីឡាករ ចន្ថា សំណាង — ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម
-
កីឡាការិនី កែវ វ៉ាន់ខឿន — ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៤៨ គីឡូក្រាម
-
កីឡាការិនី គុណ ស្រីនិច — ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥២ គីឡូក្រាម
លើសពីនេះ លោក ម៉ារ វង្សវិបុល ក៏នឹងចូលរួមសិក្ខាសាលា The IF 2025 New Rules Seminar ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី ដើម្បីបង្កើនជំនាញក្នុងការរៀបចំ និងដឹកនាំការប្រកួតស្របតាមបទដ្ឋានបច្ចេកទេសអន្តរជាតិផងដែរ។