ជើងខ្លាំងផ្នែកប្រដាល់សកល ដែលជាក្តីសង្ឈឹមខ្ពស់ របស់កម្ពុជាមិនអាចចូលរួម ស៊ីហ្គេម ខែក្រោយឡើយ

Detail Top Banner

កីឡាករកូនកាត់ ខ្មែរ-អាមេរិក Eric Pen ដែលជាក្តីសង្ឈឹមខ្ពស់របស់សហព័ន្ធប្រដាល់សកលកម្ពុជា ដែល នឹងអាចមានលទ្ធភាពដណ្តើមបានមេដាយមាសជូនកម្ពុជាពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាម បានបាត់បង់ឱកាសចូលរួមប្រកួតក៏ព្រោះតែបញ្ហាលើសទម្ងន់។


នេះបើយោងតាមការបញ្ជាក់ពី លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធប្រដាល់សកលកម្ពុជា បានប្រាប់ឲ្យដឹង នាព្រឹកថ្ងៃទី២០ ខែមេសាឆ្នាំ២០២២នេះ។

លោក ប៊ុយ សុភ័ណ្ឌ បានអោយដឹងថា ស៊ីហ្គេមលើកទី៣១ អំឡុងខែឧសភា ខែក្រោយនេះ គឺមិនមានឈ្មោះកីឡាករ Eric Pen ម្ចាស់ខ្សែក្រវាត់ WBA Asia នោះឡើយ គឺដោយសារតែបញ្ហាលើសទម្ងន់។ លោក បញ្ជាក់ថា វិញ្ញាសាទម្ងន់ ៩១គីឡូក្រាម ដែល Eric Pen ត្រូវប្រកួតនេះ គឺគេធ្វើមិនចុះដល់គីឡូកំណត់តែម្តង ជាពិសេស អំឡុងបរិបទកូវីដ។ មួយវិញទៀត គឺគីឡូដើមរបស់ Eric Pen គឺលេង ៩១ បូក ដូច្នេះគឺពិបាកសម្រាប់គេក្នុងការទម្លាក់ទម្ងន់ ។ យ៉ាងណានៅស៊ីហ្គេមក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៣ គឺ សហព័ន្ធ នឹងដាក់ឲ្យរូបគេ លេងលើវិញ្ញាសា ៩២ បូកតែម្ដង ពោលឲ្យតែមានទម្ងន់ចាប់ពី៩២ឡើងទៅ គឺ ប្រកួតបានហើយ ដូច្នេះ ជើងខ្លាំងខាងលើនៅតែមានឱកាសប្រកួតរកមេដាយជូនកម្ពុជា។


អគ្គលេខាធិការខាងលើ ក៏បង្ហាញនូវការសោកស្ដាយ និង មិនមានការដាក់បន្ទុកលើ ខាងណាដែរ ដោយគ្រាន់តែបាត់បង់ធនធានល្អដែលជាកីឡាករមានបទពិសោធ មានសមត្ថភាពមួយរូប ក្នុងស៊ីហ្គេមវៀតណាម។
សូមបញ្ជាក់ ថា ស៊ីហ្គេមលើកទី៣១នៅ ប្រទេស វៀតណាម នឹងចាប់ផ្ដើម ពី ថ្ងៃ ទី១២ ដល់ ២៣ ខែ ឧសភា ឆ្នាំ ២០២២។ កម្ពុជា នឹង បញ្ជូន ៣៣ ប្រភេទកីឡាទៅចូលរួមប្រជែងមេដាយ។ ខណៈប្រដាល់សកនឹងបញ្ជូន កីឡាករកីឡាការិនី ៨រូប៕

You might also like