សហព័ន្ធកីឡាវាយសីត្រៀមអត្តពលិក៩រូបបញ្ជូន ចូលរួមប្រជែងមេដាយស៊ីហ្គេម នៅប្រទេសវៀតណាម អំឡុងខែឧសភា

Detail Top Banner

ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងបញ្ជាក់ឲ្យដឹង នាព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២២ថា សហព័ន្ធកីឡាវាយសីកម្ពុជា ដែលមានឯកឧត្តម ឧត្តមសេយ៍ឯក លី កុសល ជាប្រធានសហព័ន្ធ បានត្រៀមសមាសភាពកីឡាករកីឡាការិនីជម្រើសជាតិចំនួន៩រូប ដើម្បីបញ្ជូនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២នៅប្រទេសវៀតណាម។


អគ្គលេខាធិការខាងលើ បានគូបញ្ជាក់ថា សមាភាពជម្រើសជាតិទាំង៩រូបនេះ សហព័ន្ធបានចំរាញ់ជម្រើសរើសចេញពីកីឡាករការិនីថ្នាល និងតាមបណ្តាលក្លិបផ្សេងៗ ដោយឆ្លងកាត់ការប្រកួតចំរាញ់រៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា មានការសម្រេចពីគណៈកម្មាធិការប្រត្តិរបស់សហព័ន្ធ។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា កីឡាករកីឡាការិនីជម្រើសជាតិទាំង៩រូបនេះ មានកីឡាករ៧រូប និងកីឡាការិនី២រូប ដោយធ្វើការប្រកួតលើ៤វិញ្ញាសា ដូចជា ប្រកួតវាយ ឯកក្តជនបុរស -ឯកក្តជននារី វាយគូរបុរស-វាយគូនារី វាយចំរុះបុរស-នារី និងវិញ្ញាសាវាយជាក្រុមបុរស- នារី។


ឧត្តមសេនីយ៍ទោ ជាម សុភា បានឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្នកីឡាករកីឡាការិនីជម្រើសជាតិកីឡាវាយសីកម្ពុជា កំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងនៅក្នុងជំរុំបិទខ្ទប់ក្នុងពហុកីឡដ្ឋានមរតតេជោ ជាមួយគ្រូបង្វឹកម៉ាឡេស៊ី និងគ្រូបង្វឹកជនជាតិចិន ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រជែងមេដាយស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាអំឡុងខែ ឧសភា ឆ្នាំ២០២២ខាងមុខនេះ។


សូមបញ្ជាក់ថា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមខាងមុខនេះ សហព័ន្ធកីឡាវាយសីកម្ពុជា ត្រៀមបញ្ជូនកីឡាករកីឡាការិនីនិងប្រតិភូទៅចូលរួមសរុបចំនួន១២រូប ក្នុងនោះប្រតិភូ៣រូបមាន ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សំ ប៊ុនណារិទ្ធ គ្រូបង្វឹក លីម ប៉េងហេង គ្រូជំនួយ រីឯកីឡាករ និងកីឡាការិនី៩រូបមានដូចជា កីឡាករ វ៉ាត់ វ៉ាន់ធន ហេង ម៉េងលី ហេង ម៉េងលាភ យ៉ាំ សំណាង ផល វីសត្យា សន លីហ្សា សុខ រីករាយ កីឡាការិនី ភន់ ចិន្តា និង សុខ សុម៉ាលីតា៕

You might also like