លោក ណយ ផាណា៖ ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមឆ្នាំ២០២២ លទ្ធផលអត្តពលិក កាយសម្ព័ន្ធនឹងមានការប្រែប្រួលខុសពីស៊ីហ្គេមមុនៗ
លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងបញ្ជាក់ថា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលចាប់ផ្តើម នៅអំឡុង ខែ ឧសភា ឆ្នាំ២០២២ ខែក្រោយនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នឹងបញ្ជូនកីឡាករកីឡាការិនីនិងប្រតិភូ គ្រូបង្វឹកទៅចូលរួមសរុបចំនួន១២នាក់ ដោយធ្វើការប្រកួតប្រជែងលើ២វិញ្ញាសា គឺ អាអេរ៉ូប៊ីក និងវិញ្ញាសាអាជីស្ទីក។
អគ្គលេខាធិការ ខាងលើ បានគូបញ្ជាក់ទៀតថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា អត្តពលិកជម្រើសរើសជាតិយើងបានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ដោយមិនបានឈប់សំរាក ឬអាក់ខាន ព្រោះតែបញ្ហាជំងឺកូវីដ១៩ឡើយ។
ដូច្នោះ តាមរយៈការខិតខំហ្វឹកហាត់យ៉ាងជាប់លាប់ពុំដែលអាក់ខាននេះ លោក សង្ឈឹមខ្ពស់ថា លទ្ធផលដែលអត្តពលិកទទួលបានពីការប្រកួតប្រជែងស៊ីហ្គេម នៅប្រទេសវៀតណាម នឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងស៊ីហ្គេមមុនៗ ព្រោះថា ការចូលរួមលើកនេះ ជាការវាស់ស្ទង់កម្រិបច្ចេកទេស ដើម្បីត្រៀមក្នុងការប្រជែងដណ្តើមមេដាយសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។
សម្រាប់កីឡាកាយសម្ព័ន្ធអត្តពលិកចូលរួមស៊ីហ្គេមនៅវៀតណាម សរុប១២នាក់ គ្រូបង្វឹក៣រនាក់ ចៅក្រម១នាក់ ប្រតិភូ១នាក់ និងកីឡាករកីឡាការិនី៧នាក់ ធ្វើការប្រកួតលើ២វិញ្ញាសា មានអាអេរ៉ូប៊ីក និងអាជីស្ទិក ដោយចេញដំណើរជាពីរជើង ដោយជើងទី១ ដំណើរនៅថ្ងៃទី៩ ខែ ឧសភា វិញ្ញាសាអាជីស្ទីក និងជើងទី២វិញ្ញាសាអាអេរ៉ូប៊ីកចេញដំណើរថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២២៕