សហព័ន្ធកីឡាជឺជីតស៊ូ រុះរើក្បាលម៉ាស៊ីនថ្មី ដើម្បីជំរុញការអភិវឌ្ឍ
សហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី១ ឆ្នាំ២០១៧-២០២១ និងបន្ដអាណត្តិទី២ ឆ្នាំ២០២១-២០២៥ ខណៈក្បាលម៉ាស៊ីនសហព័ន្ធ ត្រូវបានរុះរើសថ្មីស្ទើទាំងស្រុង ក្រោមការរៀបចំ និងគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ដើម្បីជំរុញការអភិវឌ្ឍ និងពង្រីកសក្ដានុពល ជាពិសេសឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ ។
មហាសន្និបាតនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកប្រតិបត្តិ នៃសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា លោកបណ្ឌិត សេង ប៊ុនសុង ត្រូវបានតែងតាំងជាប្រធានសហព័ន្ធ ខណៈលោក ថោង ធន ដែលជាអគ្គលេខាធិការសហព័ន្ធអាណត្តិចាស់ ត្រូវបានតែងតាំងជាអនុប្រធាន រួមជាមួយលោក Pass Jasper Martijn ជាអនុប្រធាន, លោក សៀន សុភ័ក្ដ្រ ជាអគ្គលេខាធិការ និងឯកឧត្តម ប៊ុត សុទ្ធិ ជាអគ្គលេខាធិការង, លោក អន សុវឌ្ឍីយ៉ា ជាអគ្គហេរញឹក និងលោក សៀន សុភា ជាអគ្គហេរញ្ញិករង រួមទាំងសមាជិក ៤រូបផ្សេងទៀត សម្រាប់អាណត្តិទី២ ឆ្នាំ២០២១-២០២៥ ៕