កម្ពុជាមានមេដាយសំរិទ្ធ៤គ្រឿង ក្នុងដៃលើវិញ្ញាសាឃីកបុកសីង
ភ្នំពេញ៖ កីឡាករឃីកបុកសីងកម្ពុជាធ្វើបានល្អសម្រាប់ការប្រកួតថ្ងៃទី១របស់ខ្លួននៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម បន្ទាប់ពីការប្រកួត៤រូប ក្នុងនោះទទួលបានជ័យម្នះ៣រូប និងចាញ់១រូប។
កីឡាករឃីកបុកសីងកម្ពុជា ទូច រ៉ាឆាន់ ដែលត្រូវបានអ្នកគាំទ្រស្គាល់ បឹត សង្ឃឹម បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានមេដាយសំរឹទ្ធរួចជាស្រេចហើយ បន្ទាប់ពីបានប្រកួតឈ្នះកីឡាករហ្វីលីពីន Esteban Jomar Balangui ដោយពិន្ទុក្នុងវគ្គ១/៤(វគ្គ៨នាក់ដំបូង)សម្រាប់វិញ្ញាសាបុរសទម្ងន់៥៧គីឡូក្រាម។
កីឡាការិនីឃីកបុកស៊ីងកម្ពុជា នៅ ស្រីពៅ ខកខានឡើងទៅកាន់វគ្គបន្ដ បន្ទាប់ពីប្រើពេល៣ទឹកចាញ់ពិន្ទុកីឡាការិនីម្ចាស់ផ្ទះវៀតណាម Bui Linh ក្នុងវគ្គ១/៤(វគ្គ៨នាក់ដំបូង)សម្រាប់វិញ្ញាសានារីទម្ងន់ ៥២គីឡូក្រាម។
ចំពោះកីឡាករឃីកបុកសីងកម្ពុជា កាន់ ម៉េងហុង បានប្រើភាពឆ្លាតវៃរបស់ខ្លួនដើម្បីទទួលបានពិន្ទុដាច់លើកីឡាករឡាវ Khammaty Houmphanh ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយតស៊ូគ្នា៣ទឹកពេញក្នុងវគ្គ១/៤(វគ្គ៨នាក់ដំបូង) សម្រាប់វិញ្ញាសាបុរសទម្ងន់ ៥៤គីឡូក្រាម។
រឹតតែអស្ចារ្យទៀតនោះ សាន រ៉ាគីម ធ្វើបានល្អជាងគេដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីវ៉ៃឲ្យអាជ្ញាកណ្តាលបញ្ឈប់កីឡាករម៉ាឡេស៊ី Awane Handra Awang Muhammad Hazmie ក្នុងទឹកទី២នៅវគ្គ១/៤(វគ្គ៨នាក់ដំបូង)សម្រាប់វិញ្ញាសាបុរសទម្ងន់ ៦៣,៥គីឡូក្រាម។ដោយឡែកកីឡាករឃីកបុកសីងកម្ពុជា លន់ បញ្ញា ត្រូវបានចាប់ឆ្នោតស្ថិតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាការសម្រេចសម្រាប់វិញ្ញាសាបុរសទម្ងន់៦៧គីឡូក្រាម ដូច្នេះមានន័យថា រូបគេក៏មានមេដាយសំរឹទ្ធក្នុងដៃដែរ។គិតត្រឹមពេលនេះមានន័យថា កីឡាករ ទូច រ៉ាឆាន់, កាន់ ម៉េងហុង, សាន រ៉ាគីម និង លន់បញ្ញា បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមានមេដាយសំរឹទ្ធ៤គ្រឿងក្នុងដៃស្រាប់សម្រាប់កម្ពុជា៕
ប្រភពរូបភាព ៖ Sea Game 2023