វិញ្ញាសាវាយគូប៉េតង់បុរស-នារីកម្ពុជា ឈ្នះមេដាយមាស ស៊ីហ្គេមនៅវៀតណាម
ហាណូយ៖ អត្តពលិកកីឡាប៉ូល និងប៉េតង់ជម្រើសជាតិកម្ពុជាគឺកីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា បានឈ្នះមេដាយមាសលើវិញ្ញាសាវាយគូបុរស-នារី បន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះវៀតណាមដោយពិន្ទុ ១៣-៤ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នាល្ងាចថ្ងៃអង្គារ៍ ទី១៧ ខែឧសភា។
កីឡាការិនី វង ចន្ថា បានប្រាប់ថា ៖ «យើងសហការគ្នាបានល្អ ។ គាត់ (ស៊ិន វង់) វ៉ៃត្រូវ ខ្ញុំចូលបាន។ ជាពិសេស គ្រូបង្វឹកបានខិតខំបង្ហាត់យើងខ្ញុំខ្លាំងណាស់ ។ ពួកគាត់ឲ្យហាត់វ៉ៃរាល់ព្រឹក ក្នុងមួយៗព្រឹក យ៉ាងតិច៨០ទៅ១០០គ្រាប់។ គាត់ (ដៃគូ) ពង្រឹងជំនាញវ៉ៃ ហើយខ្ញុំព្យាយាមចូលឲ្យស្អាត»។
កីឡាការិនី រូបនេះ បន្តថា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមម៉ាឡេស៊ី បាននាំមុខក្រុមកម្ពុជាដោយពិន្ទុ ៦-០ មុន ប៉ុន្តែអត្តពលិកកម្ពុជាទាំងពីររូបបានវាយបករហូតទទួលបានជ័យជម្នះដោយលទ្ធផល ១៣-៨ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
កីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា បន្ថែមថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមវៀតណាមឈ្នះក្រុមថៃ ១៣-០ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រជួបកម្ពុជា។ កីឡាការិនីកម្ពុជារូបនេះបន្តទៀតថា ៖«មានអារម្មណ៍ថា សប្បាយពេលឃើញម្ចាស់ផ្ទះខ្វែងជាមួយថៃ ហើយឃើញម្ចាស់ផ្ទះវ៉ៃថៃសិតសូន្យ។ ប្រកួតរបស់ខ្ញុំអត់ទាន់ចប់ទេ ពេលខ្ញុំក្រឡេងទៅមើលថៃឃើញវៀតណាមនាំមុខដាច់ ធ្វើឲ្យខ្ញុំសង្ឃឹមហ្មង។ ខ្ញុំពីរនាក់ដៃគូសង្ឃឹមយកមេដាយមាសតែម្តង»៕