អត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុប២៤គ្រឿង នៅស៊ីហ្គេម
ហាណូយ៖ អត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុប២៤គ្រឿង និងរកមេដាយមាស បាន ២គ្រឿងបន្ថែមទៀតហើយ កាលពីថ្ងៃទី១៨ ខែឧសភាម្សិលមិញ ក្នុងប្រភេទកីឡាវ៉ូវីណាម និងកីឡាតេក្វាន់ដូ WT សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
មេដាយមាសទី១ ដែលជាមេដាយមាសទី៣ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១សម្រាប់កម្ពុជា រកបានដោយកីឡាករិនី ប៉ាល់ ឆរស្ម៊ី រួមជាមួយ កីឡាករ លី បូរ៉ាមី, ជ្រិន ប៊ុនឡុង និងកីឡាករ ប្រាក់ សុវណ្ណនី លើប្រភេទកីឡាវ៉ូវីណាម ក្នុងវិញ្ញាសាសម្ដែងការពារខ្លួនចម្រុះ នារី១ បុរស៣ មានអាវុធ។ ពួកគេទាំង ៤នាក់ទទួលបានពិន្ទុសរុប២៦៩ លើក្រុមលេខ២ ម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុន ផងដែរនោះ ដែលរកបាន ២៦៤ពិន្ទុ។ ដោយឡែកលេខ៣ បានទៅម៉ាឡេស៊ី រកបាន ២៥៧ពិន្ទុ, លេខ៤ មីយ៉ាន់ម៉ា រកបាន ២៥៦ពិន្ទុ, លេខ៥ ឡាវ រកបាន ២៥៤ពិន្ទុ និងលេខ៦ ថៃ រកបាន ២៥១ពិន្ទុ។
ប្រភេទកីឡាដដែលនេះ ក៏រកបានមេដាយប្រាក់ ១បន្ថែមផងដែរដោយកីឡាការិនី សុខ សុភី ទទួលបានលើវិញ្ញាសាប្រយុទ្ធនារី ៥៥គីឡូក្រាម ក្រោយប្រកួតចាញ់វៀតណាម នៅវគ្គផ្ដាច់ព្រ័ត្រ។ ស្របពេលកីឡាករិនី ប៉ាល់ ឆរស្ម៊ី និង កីឡាការិនី ពៅ សុខា ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសាសម្ដែងការពារខ្លួន គូនារី។ ដូច្នេះ ថ្ងៃនេះ កីឡាវ៉ូវីណាម កម្ពុជាឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១។
ចំពោះមេដាយមាសទី២ ដែលជាមេដាយមាសទី៤ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១សម្រាប់កម្ពុជា គឺឈ្នះលើប្រភេទកីឡាតេក្វាន់ដូ WT ដោយកីឡាករ វ៉ា មិថុនា ដែលប្រកួតក្នុងវិញ្ញាសាបុរស Kyorugi ទម្ងន់ក្រោម ៧៤គីឡូក្រាម ក្រោយផ្ដួលកីឡាករហ្វីលីពីន ដោយដាច់ពិន្ទុ ១៤-៣៥។ ជាមួយគ្នាផងដែរ កីឡាការិនី ឈឿង អាលីហ្សា ក៏បានឈ្នះមេដាយសំរឹទ្ធ លើប្រភេទកីឡាតេក្វាន់ដូ WT វិញ្ញាសានារី Kyorugi ទម្ងន់ក្រោម ៥៧គីឡូក្រាម។
លើសពីនេះ មេដាយសំរឹទ្ធ ២បន្ថែមទៀត ក៏កម្ពុជារកបានលើប្រភេទកីឡាចំបាប់ ដោយកីឡាការិនី ជា កញ្ញា ទទួលបានមេដាយសំរឹទ្ធ១ ក្នុងវិញ្ញាសា Freestyle ទម្ងន់ ៦២គីឡូក្រាម និងកីឡាការិនី ឌិន សំណាង ទទួលបានមេដាយសំរឹទ្ធ១ ក្នុងវិញ្ញាសា Freestyle ទម្ងន់ ៥០គីឡូក្រាម។បានសេចក្ដីថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ អត្តពលិកកម្ពុជា បានឈ្នះមេដាយ ៧គ្រឿងជូនជាតិ ក្នុងនោះមាស ២គ្រឿង, ប្រាក់ ១គ្រឿង និងសំរឹទ្ធ ៤គ្រឿង។សរុបជារួមត្រឹមថ្ងៃទី១៨ ខែឧសភា នេះវិញ កម្ពុជា ឈ្នះមេដាយ ២៤គ្រឿងហើយ ក្នុងនោះមាស ៤គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ១៤គ្រឿង។
មេដាយមាស៤គ្រឿង មានលើប្រភេទកីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាប៊ូល និងប៉េតង់១គ្រឿង, កីឡាវ៉ូវីណាម១គ្រឿង និងកីឡាតេក្វាន់ដូ WT ១គ្រឿង។ ចំពោះមេដាយប្រាក់៦គ្រឿង លើកីឡាឃីកបុកស៊ីង៣គ្រឿង, កីឡាប៊ូល និងប៉េតង់ ១គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង និងកីឡាវ៉ូវីណាម១គ្រឿង។ មេដាយសំរឹទ្ធ១៤ មាននៅលើកីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាប្រណាំងទូក១គ្រឿង, កីឡាប៊ូល និងប៉េតង់៣គ្រឿង, កីឡាជឺជីតស៊ូ១គ្រឿង, កីឡាវូស៊ូ៣គ្រឿង, កីឡាតេក្វាន់ដូWT ២គ្រឿង, កីឡាវ៉ូវីណាម១គ្រឿង និងកីឡាចាំបាប់២គ្រឿង៕