អបអរសាទរ? កីឡាកាយសម្ព័ន្ធកម្ពុជា ឈ្នះមេដាយលើកដំបូងជាប្រវត្តិសាស្ត្រ ក្នុងកីឡាស៊ីហ្គេម
អត្តពលិកកីឡាកាយសម្ព័ន្ធម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នេះ បានឈ្នះមេដាយចំនួន ២គ្រឿង (ប្រាក់១ សំរឹទ្ធ១) លើកដំបូងជាប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
អត្តពលិកដែលជួយឲ្យកីឡាកាយសម្ព័ន្ធកម្ពុជា បំបែកកំណត់ត្រានេះគឺរួមមាន កីឡាករ ហាស់ សុខហ៊, ត្រន ប៊ុនធឿន និងកីឡាការិនី ម៉ូ ស្រីពៅ ទទួលបានមេដាយប្រាក់ លើវិញ្ញាសា Mixed Trio ដោយរកបាន ១៩.៣០០ពិន្ទុ លើក្រុមលេខ៣ ថៃ ដែលរកបាន ១៧.៥៨៨ពិន្ទុ និងក្រុមលេខ៤ ហ្វីលីពីន រកបាន ១៦.៥៣៣ពិន្ទុ ខណៈម្ចាស់ផ្ទះវៀតណាមឈ្នះមេដាយមាស ជាមួយពិន្ទុសរុប ២០.៤៧៨។ ដោយឡែកកីឡាករ ជឿន ចាន់បុរី ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា Aerobic Gymnastics ឯកត្តជន ក្រោយរកបាន ១៨.៤៥០ពិន្ទុ តាមពីក្រោយម្ចាស់មេដាយមាស ថៃ រកបាន ១៩.៦០០ពិន្ទុ, ម្ចាស់ផ្ទះវៀតណាម មេដាយប្រាក់ រកបាន ១៨.៨០០ពិន្ទុ និងលេខ៤ ហ្វីលីពីន ១៧.៤០០ពិន្ទុ។
ក្រោយទទួលបានផ្លែផ្កានេះ លោក ណយ ផាណា អគ្គលេខាិការសហព័ន្ធកីឡាកាយសមព័ន្ធកម្ពុជា បាននិយាយថា ៖«សម្រាប់អារម្មណ៍របស់ខ្ញុំ ខ្ញុំមានសេចក្ដីរំភើបរីករាយ ហើយអ្វីដែលខ្ញុំត្រូវថ្លែងអំណរគុណទីមួយគឺថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចពុក នេះជាការខិតខំមួយរបស់រាជរដ្ឋាភិបាលដែលបានផ្ដល់ការធ្វើដំណើរជាការហោះហើរតាមរយៈ VIP។ ទីពីរ សូមថ្លែងអំណរគុណការដាក់ចេញនូវយុទ្ធសាស្ត្រ ក៏ដូចជាផែនការជាក់លាក់របស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ជាមួយនឹងឯកឧត្តមឧកញ៉ា សុខ ហុង ដែលតែងតែផ្ដល់នូវអនុសាសន៍ណែនាំអំពីការរៀបចំផែនការនេះ។ ក្នុងនោះយើងក៏មិនអាចបំភ្លេចបានជាមួយនឹងគណៈកម្មការបច្ចេកទេស ពិសេសគឺគ្រូបង្វឹក គ្រូជំនួយទាំងអស់មានកិច្ចសហការគ្នាបានល្អ អនុវត្តទៅតាមផែនការជាក់ច្បាស់មួយ ដែលយើងបានរៀបចមជាច្រើនឆ្នាំកន្លងមកនេះ គឺឆ្នាំ២០២២នេះ ជាផែនការមួយដែលយើងត្រូវធ្វើឲ្យមានលទ្ធផល សម្រាប់ជូនជាតិមាតុភូមិ ជាពិសេសដើម្បីស៊ីហ្គេម ឆ្នាំ២០២៣។ នេះជាសមិទ្ធផលថ្មីនៅក្នុងប្រវត្តិសាស្ត្រនៃកីឡាកាយសម្ព័ន្ធកម្ពុជា»។
អគ្គលេខាធិការដដែលរូបនេះបានបន្តទៀតថា ៖«ខ្ញុំគិតថានេះជាលទ្ធផលមួយនៅក្នុងការព្រៀងទុករបស់យើង នៅក្នុងដំណាក់កាលផែនការរយៈពេលវែងនេះ ក្នុងដំណាក់កាលនេះយើងត្រូវធ្វើឲ្យមានលទ្ធផលដូចក្ដីរំពឹងទុកនេះឯង ដូចយើងទទួលបាននៅថ្ងៃនេះ កីឡាកាយសម្ព័ន្ធ Aerobic ឯកត្តជន បានមេដាយសំរឹទ្ធ១ កីឡាករ-កីឡាការិនី Trio យើងទទួលបានមេដាយប្រាក់១ អ៊ីចឹងវាស្របទៅតាមផែណការរបស់យើង ដែលយើងបានត្រៀមទុក។ ខ្ញុំពិតជាសប្បាយចិត្ត ហើយខ្ញុំសង្ឃឹមថាក្រុមការងាររបស់យើងខ្ញុំ ជាពិសេសគឺអ្នកបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ មន្ត្រីអាជ្ញាកណ្ដាលចៅក្រម ជាពិសេសក្នុងឱកាសនេះយើងមានចៅក្រមចូលរួមមកតែមួយ តែពេលនេះគឺអនុញ្ញាតឲ្យយើងមក ពីរនាក់ អ៊ីចឹងស្អែកការប្រកួតទី២ យើងបានចៅក្រមពីរនាក់ចូលទៀត»។«ក្នុងនោះចំណែកចៅក្រម Aerobic សម្រាប់ឆ្នាំ២០២៣ គឺមានលក្ខណៈពេញលេញ គឺយើងបានប្រលងជាប់ ៥នាក់ជាស្ថាពរ អ្វីដែលយើងនៅរង់ចាំ ឆ្នាំនេះយើងអាចប្រលងកីឡាកាយសម្ព័ន្ធ Atistic ម្នាក់ទៀត យើងនឹងអនុវត្តបានសម្រេច ១០០ភាគរយលើផែនការរបស់យើង»។ លោក ណយ ផាណា បានបន្ថែម។
លោកបានសង្គត់ធ្ងន់ នេះជាភាពសប្បាយរីករាយសម្រាប់ថ្ងៃនេះ ហើយលោកសង្ឃឹមថាសម្រាប់ការប្រកួតថ្ងៃស្អែក នឹងបន្តទទួលបានលទ្ធផលល្អបន្ថែមទៀតផងដែរ។
គួររំឮកថា នេះជាលើកដំបូងហើយដែលកីឡាកាយសម្ព័ន្ធកម្ពុជា ឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចាប់តាំងកីឡាមួយប្រភេទនេះបានដាក់បញ្ចូលទៅក្នុងការប្រកួតតាំងពីឆ្នាំ១៩៧៩៕