ក្រសួងអប់រំ យុវជន និងកីឡាសាទរចំពោះការប្រកួតអត្តពលកម្ម ជើងឯកវិទ្យាស្ថាន ខេមអេដ ប្រចាំឆ្នាំ២០២២
លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានសាទរ ចំពោះការខិតខំរៀបចំការប្រកួតកីឡាអត្តពលកម្មជម្រើសជើងឯកវិទ្យាស្ថាន ខេមអេដ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីសម្រិតសម្រាំងរកជ័យលាភីត្រៀមចូលរួមប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស នាថ្ងៃទី២១-៣០ ខែមិថុនា ឆ្នាំ២០២២។
ក្នុងនាមឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងក្នុងនាមនាយកដ្ឋានជំនាញ លោក ប៉ែន វុទ្ធី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ ដែលខិតខំបំផុសចលនាកីឡា នៅក្នុងវិទ្យាស្ថានរបស់លោក ជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឲ្យនិស្សិតរបស់ខ្លួនបានលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចជាផលិតធនធានប្រចាំវិទ្យាស្ថាននេះផងដែរ។
លោកចាត់ទុកថា វិទ្យាស្ថានខេមអេដបានខិតខំរៀបចំពី៧ទៅ៨ប្រភេទកីឡា ក្នុងនោះមានប្រភេទកីឡាអត្តពលកម្មនេះ ដែលនេះជាការបណ្តុះបណ្តាលធនធានឈានមុខមួយ នៅក្នុងចំណោមសាកលវិទ្យាល័យ និងធម្យមសិក្សាបច្ចេកទេសនានា ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំ និងកីឡាសម្រាប់កម្ពុជាទៀតផង។ ក្រៅពីនេះ លោក ខេស៊ី បាណេត ក៏បានជួយឧបត្ថម្ភថវិកា ស្មារតី សម្ភារ ដល់វិស័យកីឡាចំបាប់ កីឡាប្រដាល់សកល និងប្រភេទកីឡាមួយចំនួនទៀតផងដែរ។
លោក ខេស៊ី បាណេត (Cassey Barnett) នាយកវិទ្យាស្ថាន ខេមអេដ មានប្រសាសន៍ដែរថា ខេមអេដ គឺជាវិទ្យាស្ថានកម្រិតឧត្តមសិក្សា ហើយគោលបំណងចម្បងរបស់លោក គឺភាពជោគជ័យរបស់និស្សិតខេមអេដទាំងអស់គ្នា សម្រាប់ជីវិត តាមរយៈការអប់រំផង និងតាមរយៈការពង្រឹងសមត្ថភាពក្នុងកីឡាទៀតផង។ កីឡាមានមេរៀនជាច្រើន ដែលជំរុញឲ្យកីឡាករ កីឡាការិនី ជានិស្សិតទាំងអស់មានភាពក្លាហាន សុខភាពល្អ និងឲ្យនិស្សិតទាំងអស់មានគោលដៅជីវិតច្បាស់លាស់ ហើយការលេងកីឡានេះគឺជាការរួមចំណែកដ៏សំខាន់ ក្នុងការជំរុញបន្ថែមឲ្យនិស្សិតគ្រប់រូបឲ្យរីករាយ ការបណ្តុះស្មារតីលើមាគ៌ាឆ្ពោះទៅសម្រេចបាននូវគោលដៅសម្រាប់ជីវិតរបស់ខ្លួន។
នាយកវិទ្យាស្ថានខេមអេដបានបន្ថែមទៀតថា ការប្រកួតប្រជែងនឹងជួយធ្វើឲ្យយើងមានសក្តានុពលកាន់តែខ្ពស់រួមជាមួយនឹងការដុសខាត់សមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងក្លាផងដែរ។ ដូច្នេះហើយ ការប្រកួតកីឡាជាការលើកទឹកចិត្តខ្លួនឯង ក្នុងការពង្រឹងភាពជឿជាក់ខ្លួនឯង។ លោក ខេស៊ី បាណេត បានកោតសរសើរចំពោះការខិតខំចូលរួមប្រកួតអស់ពីសមត្ថភាពរបស់កីឡាករ កីឡាការិនីរហូតដល់ត្រូវបានគណៈកម្មការបច្ចេកទេសនៃសហព័ន្ធ អត្តពលកម្មស្ម័គ្រចិត្តបានរកឃើញនូវម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់។
គួរបញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកវិទ្យាស្ថាន ខេមអេដ ឆ្នាំ២០២២នេះមានកីឡាករ កីឡាការិនីជានិស្សិតរបស់ខ្លួនចូលរួមប្រកួតចំនួន ២០០នាក់ ដែលប្រកួតលើ៨វិញ្ញាសា៕