អ្នករត់សញ្ជាតិខ្មែរ វ័យ ៥៣ឆ្នាំ បានបំបែកកំណត់ត្រាឡើងភ្នំឱរ៉ាល់លឿនបំផុត របស់ជនជាតិអាមេរិក
កីឡាករ គីម សារឿន ហៅ គីក កុក (៥៣ ឆ្នាំ) បានបំបែកកំណត់ត្រា ឡើងភ្នំឱរ៉ាល់លឿនបំផុត របស់ជនជាតិអាមេរិក ក្រោយពីបានឃើញអត្ថបទសារពត៌មានភាសាខ្មែរ និងភាសាអង់គ្លេសក្នុងស្រុក ចុះផ្សាយពីការបង្កើតកំណត់ត្រាឡើងភ្នំឱរ៉ាល់លឿនបំផុត ២ម៉ោង ២៦នាទី និង ៣៦វិនាទី របស់បុរសជនជាតិអាមេរិក ។ និងមានកីឡាករ៣រូបទៀត គឺលោក ឃី សុភា (៤៧ឆ្នាំ) ៣-លោក កាន់ គន្ធី (៤៣ឆ្នាំ) និង ៤-មិត្តភក្ដិជនជាតិជប៉ុន លោក Hiroshi Ake (៥២ឆ្នាំ) រួមសមាជិកក្រុមអ្នករត់ ខេខេ (KK Running Club ហៅកាត់ថា KKRC) សុទ្ធតែមានបទពិសោធន៍ឡើងភ្នំ ក្រោមគំនិតផ្តួចផ្តើមពីលោក Jacob Sims និងមិត្តភក្តិជនជាតិអូស្ត្រាលី លោក Julien Brewster ។
ការឡើងភ្នំឪរ៉ាល់បំបែកកំណត់ត្រានេះ ចាប់ផ្តើមកឺចេញពី ថ្មដារៀម នាម៉ោង ៥:៣១ព្រឹក នៅចំពោះមុខប្រធានសហគមន៍ ជាលទ្ធផល លោក គីម កុក បានឡើងទៅដល់កំពូលភ្នំឱរ៉ាល់នៅម៉ោង ៧:៥៧ព្រឹក ថ្ងៃទី០៤ ក្នុងថេរវេលា ០២:២៦:០៨ ដែលជាកំណត់ត្រាថ្មី លឿនបំផុត ។ ទី២លោក កាន់ គន្ធី ប្រើថេរវេលា ០២:៣៨:៤៤ , ទី០៣លោក Hiroshi Ake ០២:៣៩:០៦ និងទី០៤ លោក ឃី សុភា ០៣:០១:១៩ ដែលសុទ្ធសឹងជាកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគាត់ ។ ដោយមានសាក្សីពីការបំបែកកំណត់ត្រាគឺលោក ឆឺន ឈីម ប្រធានសហគមន៍ស្រែ ឈរជើងចំនុចចាប់ផ្តើម និងលោក ស សំបូរ ឡើងភ្នំមុន ធ្វើជាសាក្សីបញ្ជាក់ម៉ោងដល់កំពូលភ្នំឱរ៉ាល់ និងជាអ្នកជួយរៀបចំទម្លាក់ទឹកតាមផ្លូវសំខាន់ៗផងដែរ ។
គួរបញ្ជាក់ថា អត្តពលិក និងអ្នកដើរភ្នំជាច្រើន ក៏អាចបំបែកកំណត់ត្រាខាងលើ គ្រាន់តែកន្លងមកមិនទាន់មានការប្រកួតផ្លូវការ ដើម្បីបង្កលក្ខណ:អោយពួកគេបានបញ្ចេញសមត្ថភាព ។ អ្នករត់កម្ពុជាទាំង៣រូប បានផ្តួចផ្ដើមគំនិតរៀបចំជាព្រឹត្តិការណ៍កីឡាឡើងភ្នំឱរ៉ាល់ផ្លូវការជាលើកដំបូង នាពេលឆាប់ៗខាងមុខនេះ ក្នុងគោលដៅបំផុសអោយមានការឡើងភ្នំជាទេសចរណ៍ ដើម្បីរួមចំណែកជម្រុញ និងលើកស្ទួយអេកូទេសចរណ៍ ជាពិសេសជួយលើកកម្ពស់ជីវភាពសហគមន៍ និងការអភិរក្សធនធានធម្មជាតិតំបន់ឱរ៉ាល់ផងដែរ ។ អ្នកឡើងភ្នំកម្ពុជា៣រូបខាងលើ ជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងទាក់ទាញកូនខ្មែរ និងទេសចរបរទេស ដែលស្រលាញ់ចូលចិត្តការឡើងភ្នំ និងធម្មជាតិព្រៃភ្នំ ចូលរួមជាក់ជាមិនខាន ពីព្រោះភ្នំឱរ៉ាល់មានលក្ខណៈពិសេស ជាភ្នំខ្ពស់ជាងនៅកម្ពុជា ស្ថានភាពផ្លូវចោតឡើង ស្ទើរតែទាំងស្រុងពីក្រោមដល់កំពូល និងមានឧបសគ្គ ។
សូមបញ្ជាក់ថា ការឡើងភ្នំឪរ៉ាល់បំបែកកំណត់ត្រានេះ ជាគំនិតផ្ដួចផ្ដើមរបស់លោក Jacob Sims និងលោក Julien Brewster និងមានចូលរួមពីកីឡាករ គីម សារឿន ហៅ គីក កុក (៥៣ ឆ្នាំ) ២-លោក ឃី សុភា (៤៧ឆ្នាំ) ៣-លោក កាន់ គន្ធី (៤៣ឆ្នាំ) និង ៤-មិត្តភក្ដិជនជាតិជប៉ុន លោក Hiroshi Ake (៥២ឆ្នាំ) ដើម្បីជួយគាំទ្រព្រឹត្តិការណ៍កីឡាឡើងភ្នំឱរ៉ានាពេលខាងមុខនេះផងដែរ ៕