ពាន FIFA World Cupមាសសុទ្ធជាង៦គីឡូក្រាម បានយកនាំមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ

Detail Top Banner

កីឡា ៖ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cupធ្វើពីមាសសុទ្ធទម្ងន់ជាង៦គីឡូក្រាម​បាននាំយកមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដោយអតីតជើងឯកបារាំង Christian Karembeu នាព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២២ ។

ក្នុងដំណើរមកដល់ដំណើរគោចរនៃពាន World Cup នេះ ទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ។
ពានរង្វាន់ FIFA World Cup នេះ បានដង្ហែពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់វិមាសសន្តិភាព ដែលទទួលស្វាគមន៍ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់កម្ពុជាពេលនេះ ដឹកនាំដោយលោកបេសកជនពិសេស FIFA គឺលោក Christian Karember ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ១៩៩៨ ក្នុងក្រុមជម្រើសជាតិបាល់ទាត់បារាំង ។ ពានរង្វាន់ ត្រូវបានដឹកជញ្ជូនតាមរយៈយន្តហោះឯកជនពិសេស “Private Jet” ដែលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃនេះ វេលាម៉ោង ៩:០០នាទី រួចបានដង្ហែត្រង់មកវិមានសន្តិភាព ហើយពេលរសៀលពានរង្វាន់ត្រូវបានរៀបចំទទួលស្វាគមន៍ មហាជន និងថតរូបនៅ “ពហុកីឡដ្ឋានជាតិមរតកតេជោ” ហើយនឹងត្រូវចាកចេញពីកម្ពុជា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ។


ឯកឧត្តមបានគូបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោក គឺជានិមិត្តរូបនៃមនុស្សជាតិជាង ៣.២ ពាន់លាននាក់ លើពិភពលោកដែលបានគាំទ្រ កីឡាបាល់ទាត់ ។ ពានរង្វាន់នេះ មានតម្លៃជាសកលដែលត្រូវយកចិត្តទុកដាក់ និងតម្កល់គុណតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជាតិ ដែលនៅពេលនេះសហព័ន្ធបាល់ទាត់ពិភពលោក FIFA មានកិត្តិយសដ៏ឧត្តុង្គឧត្តមដោយបាន សម្តេច តេជោនាយករដ្ឋមន្ត្រី អនុញ្ញាតទទួលស្វាគមន៍ និងលើកពានដោយផ្ទាល់ ដើម្បីបង្ហាញពីការគាំទ្រ និងការចូលរួមអបអរសាទរ របស់ម្ពុជា ដល់ការប្រកួតកីឡាបាល់ទាត់ពិភពលោក នៅទីក្រុងដូហា ប្រទេសកាតា ក្នុងខែវិច្ឆិកា ខាងមុខនេះ ។


គួររំលឹកថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” បានបង្កើតឡើងនាថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩០៤ ដោយប្រទេសចំនួន គឺប៊ែលស៊ីក, ដាណឺម៉ាក, បារាំង, ស្វីស, អេស្ប៉ាញ, ហូឡង់ និងស៊ុយអែត ។ពានរង្វាន់បាល់ទាត់ពិភពលោកផលិតឡើងដោយមាសសុទ្ធ សម្រាប់ផ្តល់ជារង្វាន់ និងលើកទឹកចិត្តដល់ក្រុមបាល់ទាត់ ប្រទេសដែលដណ្តើមបានជ័យជំនះ ក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោករៀងរាល់ ៤ឆ្នាំម្តង។
សហព័ន្ធបាល់ទាត់ពិភពលោក “FIFA” បង្កើតពានរង្វាន់បាល់ទាត់ពិភពលោកជាពីរដំណាក់កាលគឺ ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៧៤ ត្រូវបានប្រសិទ្ធិនាមថា “ពានរង្វាន់លោក Jules Rimet” ជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោកដំបូង និងចាប់ពីឆ្នាំ១៩៧៤ រហូតដល់បច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះថា “ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World CupTrophy” វិញ។
តាមកំណត់ត្រារបស់ FIFA បានបញ្ជាក់ថា ប្រទេសដែលដណ្តើមបានពានរង្វាន់បាល់ទាត់ពិភពលោកដំបូងគេគឺ អ៊ុយរ៉ាហ្គាយ (Uruguay) និងប្រទេសដែលដណ្តើមបានពានរង្វាន់បាល់ទាត់ពិភពលោកច្រើនជាងគេគឺ ប្រេស៊ីល (Brazil) ជើងឯកពិភពលោកចំនួន ៥ដង ។


ពានរង្វាន់បាល់ទាត់ពិភពលោកដំបូង ត្រូវបានផលិតឡើងជាមួយសារធាតុថ្មមានតម្លៃម្បាំងនៅប្រទេសក្រិច ។ ចាប់ពី ឆ្នាំ១៩៧៤ រហូតដល់បច្ចុប្បន្ន ពានរង្វាន់ត្រូវបានផលិតឡើងពីមាសសុទ្ធទម្ងន់ ៦.១គីឡូក្រាម ប៉ុន្តែតម្លៃជាទឹកប្រាក់កំណត់ ដោយក្រុមហ៊ុនធានារ៉ាប់រងគឺ ២០០លានដុល្លារអាមេរិក ។មុនការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA តែងតែដង្ហែពានរង្វាន់នេះឆ្លងកាត់ទៅប្រទេសមួយចំនួនលើពិភពលោក ។ នៅឆ្នាំ២០២២នេះ ក្បួនដង្ហែពានរង្វាន់ ត្រូវបានចាប់ផ្តើមចេញដំណើរពីប្រទេសអារ៉ាប់រួម នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ហើយបានដង្ហែឆ្លងកាត់ ២០ប្រទេសរួចហើយ រួមមាន : ប្រទេស UAE,MAN, Bahrain, Kuwait, Bosnia & Herzegovina, Montenegro, Kosovo, North Macedonia, Albania, Ethiopia, Kenya, South Africa, Tanzania, Lebanon, | Uzbekistan, Pakistan, Bangladesh, Timor Leste, Samoa, និង America Samoa, ទើបមកដល់កម្ពុជានាថ្ងៃនេះ ហើយនឹងត្រូវបន្តឆ្លងកាត់ ៣០ប្រទេស ផ្សេងទៀតមុនពេលប្រកួតកីឡាបាល់ទាត់ពិភពលោកមកដល់គឺ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា ៕

You might also like