សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបញ្ជូនកីឡាករ៣រូបចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់TATP tournamentនៅប្រទេសថៃ
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជូនកីឡាកររបស់ខ្លួនចំនួន៣រូបចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាវាយកូនបាល់TATP tournament ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី៩ដល់ទី១៧ ខែ កក្តដា ឆ្នាំ២០២២ ។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ឲ្យដឹងថា កីឡាករវាយកូនបាល់កម្ពុជា៣រូប ដែលត្រូវបានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បញ្ជូនចូលរួមក្នុងព្រឹត្តិការណ៍នេះ មានកីឡាករ លេង សារិនរាជ ឡុង សំនៀង និងឃ្លាំងពន្លក។
អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់ថា ការចូលរួមប្រកួតលើកនេះ កីឡាករកម្ពុជាទាំង៣រូប មើលឃើញថា កម្រិតសមត្ថភាពរបស់ពួកគេរីកចំរើន បើប្រៀបធៀបនិងការចូលរួមមុនៗ ដោយកីឡាករម្នាក់ៗសុទ្ធសឹងតែឆ្លងផុតវគ្គជម្រុះជុំដំបូងឡើងទៅដល់វគ្គម៉េនត្រដែលជាវគ្គឡើងជួបសុទ្ធតែអ្នកខ្លាំងមានចំណាត់ថ្នាក់ក្នុងតារាងពិន្ទុពិភពលោក។
លោក អះអាងថា ការបញ្ជូនកីឡាករទៅចូលរួមប្រកួតនៅក្រៅប្រទេសនេះ ជាទិសដៅយុទ្ធសាស្រ្តសម្រួចសមត្ថភាពកីឡាករ និងបង្កើនបទពិសោធន៍ ដើម្បីត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខាធិការរូបនេះ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍នៅប្រទេសថៃ សហព័ន្ធនឹងបញ្ជូនកីឡាករ ប៊ុន កេន្នី ឡុង សំនៀង ឃ្លាំង ពន្លក និងកីឡាឡេង សារិនរាជ ទៅចូលរួមការប្រកួតមួយទៀត នៅប្រទេសម៉ាឡេស៊ី នាសប្តាហ៍បន្ទាប់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់TATP tournament ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី៩ដល់ទី១៧ ខែ កក្តដា ឆ្នាំ២០២២ មាន៤ប្រភេចូលរួម កម្ពុជា ថៃ ឡាវ អូស្រា្តលី៕