ឯកឧត្តម យី វាសនា ៖«អត្តពលិកម្នាក់មានតម្លៃស្មើ ជាតិទាំងមូល និងប្រជាពលរដ្ឋកម្ពុជា១៦លាននាក់ »
ភ្នំពេញ៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានផ្តាំផ្ញើដល់អត្តពលិក គ្រូបង្វឹក គ្រូជំនួយ និងអ្នកបច្ចេកទេសឲ្យយកបេះដូងគិតពីតម្លៃរបស់ខ្លួនស្មើនឹង ជាតិ សាសនា ព្រះមហាក្សត្រ នៅពេលចេញទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម យី វាសនា បានដឹកនាំកិច្ចប្រជុំបច្ចេកទេស និងត្រៀមលក្ខណៈសម្បត្តិ ព្រមទាំងត្រួតពិនិត្យ និងដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ឲ្យរួចរាល់សម្រាប់ក្រុមអត្តពលិកប៉ារ៉ាកម្ពុជាមុនពេលចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានឲ្យដឹងថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានកកើតតាំងពីអត្តពលិកពីរបីនាក់រីកចម្រើនធំៗឡើងរហូត ល្បីទូទាំងពិភពលោក។ ប៉ារ៉ាឡាំពិកកម្ពុជាតំណាងឲ្យបងប្អូនមានពិការភាពទូទាំងប្រទេសកម្ពុជា។ កិត្តិយសជាតិ ព្រលឹងជាតិ ទង់ជាតិគឺត្រូវបានបង្ហូតដោយសារស្នាដៃរបស់អត្តពលិក។
ឯកឧត្តម យី វាសនា មានប្រសាសន៍ថា ៖«លោកជំទាវ អស់លោក លោកស្រីទាំងអស់ អស់លោកត្រូវស្គាល់តម្លៃខ្លួនឯង។ តម្លៃរបស់អស់លោកថ្លៃជាងមាសពីរដូងទុំទៅទៀត។ ត្រូវរៀនស្គាល់ពីតម្លៃរបស់ខ្លួនឯងពេលចេញទៅក្រៅប្រទេស។ ទាំងគ្រូ ទាំងសិស្ស គឺជាតម្លៃជាតិ សាសនា ព្រះមហាក្សត្រ។ តើយើងឃើញតម្លៃ ជាតិ សាសនា ព្រះមហាក្សត្រ នៅកន្លែងណា? ពេលបងប្អូនរកបានមេដាយមាស១គ្រឿង អ្វីដែលត្រូវបានលើកឡើងលើ? គឺទង់ជាតិ ដែលជាព្រលឹង ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះបងប្អូនមានតម្លៃស្មើ ជាតិ សាសនា ព្រះមហាក្សត្រ។ មេដាយ១គ្រាប់តំណាងព្រះរាជាណាចក្រកម្ពុជា ដូច្នេះអត្តពលិក គ្រូបង្វឹករបស់យើងគឺស្មើនឹងទង់ជាតិ ព្រលឹងជាតិ សាសនា ព្រះមហាក្សត្រ។ ដូច្នេះសូមឲ្យតម្លៃខ្លួនឯងឲ្យខ្ពស់រាល់ពេល ដេក ដើរ ឈរ អង្គុយគឺត្រូវយល់ថា ខ្លួនយើងមានតម្លៃ»។
ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានឲ្យដឹងពីប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាទៅប្រទេសឥណ្ឌូណេស៊ីគឺមាន៣ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
ប្រតិភូទី១គឺក្រុមអត្តពលិក និងគ្រូបង្វឹកទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១។ ប្រតិភូទី២គឺក្រុមការងារទៅរៀនសូត្រ និងដកស្រងបទពិសោធន៍គ្រប់យ៉ាងដើម្បីយកចំណេះដឹងមករៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា និងប្រតិភូទី៣គឺក្រុមការងារសម្តែងដើម្បីទទួលទង់សហព័ន្ធកីឡាអាស៊ានប៉ារ៉ាក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
សម្រាប់ការធ្វើដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានយល់ព្រមឲ្យមានការរៀបចំយន្ដហោះពិសេសសម្រាប់ដឹកជញ្ជូនអត្តពលិកមានពិការភាពកម្ពុជាទៅឥណ្ឌូណេស៊ី ហើយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ក៏បានយល់ដឹកជញ្ជូនទៅមកដោយឥតគិតថ្លៃ ដែលគ្រោងចេញដំណើរនាថ្ងៃទី២៦ ខែកក្កដា និងវិលត្រឡប់មកមាតុភូមិវិញ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២៕