ក្រុមបាល់ទះជនពិការកម្ពុជា ប្តេជ្ញាដណ្តើមមេដាយអោយបាន ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំនេះ
ភ្នំពេញ៖ ក្រុមកីឡាបាល់ទះជនពិការកម្ពុជាបានបង្ហាញក្តីសង្ឃឹមខ្ពស់ក្នុងការដណ្តើមបានមេដាយពីការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
ប្រធានក្រុមកីឡាបាល់ទះជនពិការកម្ពុជា កីឡាករ អ៊ូ ផល្លា ដែលជាកីឡាករឆ្នើមដែលធ្លាប់បានចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមពីរលើករួចមកហើយបានឲ្យដឹងថា ក្រុមកីឡាបាល់ទះជនពិការកម្ពុជាបានហ្វឹកហាត់មករហូតតាំងពី២០១៩។ បើទោះជាគ្មានការប្រកួតក៏ក្រុមទាំងមូលបានហ្វឹកហាត់ជាប្រចាំ។ ក្រោយពីការហ្វឹកហាត់ជាប់ជាប្រចាំបានធ្វើឲ្យកីឡាករកម្ពស់១,៨៣ម៉ែត្ររូបនេះមើលឃើញថា សមត្ថភាពក្រុមរបស់ខ្លួនមានភាពរីកចម្រើនគ្រប់ចំណុចមិនថា ការផ្ដាច់ និងការធ្វើរនាំងជាដើម ដែលធ្វើឲ្យមានក្តីរំពឹងទុកខ្ពស់ក្នុងការយកបានមេដាយពីព្រឹត្តិការណ៍នេះ។
កីឡាករដែលមានដើមកំណើតនៅខេត្តកំពង់ឆ្នាំងបានលើកឡើងយ៉ាងដូច្នេះថា ៖«សម្រាប់ការហ្វឹកហាត់គឺយើងហាត់រហូតតាំងពី២០១៩មកគឺយើងហាត់អត់ឈប់ទេ។ យើងបុកហាត់មករហូតហ្នឹង។ និយាយទៅសមត្ថភាពកូនក្រុមខ្ញុំមើលឃើញថា មានការរីកចម្រើនច្រើនទាំងការផ្ដាច់ និងការធ្វើរនាំង បើធៀបនឹងការប្រកួតនៅម៉ាឡេស៊ីកាលអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០១៧។ ខ្ញុំជឿថា យើងនឹងបានមេដាយឆ្នាំនេះ ព្រោះកាលពី២០១៧ យើងបានមេដាយប្រាក់»។
កីឡាករដែលមានបទពិសោធជិត១០ឆ្នាំក្នុងនាមកីឡាករបាល់ទះជនពិការរូបនេះបានបន្ថែមថា ប្រទេសក្នុងដំបន់អាស៊ីអាគ្នេយ៍នេះមានតែ២ប៉ុណ្ណោះ ដែលខ្លាំងគឺថៃ និងមីយ៉ាន់ម៉ា។ ប៉ុន្តែក្នុងនោះថៃក៏ធ្លាប់ចាញ់កម្ពុជាដែរ មិនថាការប្រកួតផ្លូវការ និងមិត្តភាពឡើយ។ អ្វីដែលជាការចាប់អារម្មណ៍នោះកម្ពុជាធ្លាប់បំបាក់ថៃដល់ ៣-០ ក្នុងការប្រកួតមិត្តភាពផងដែរ។
ទោះបីជាយ៉ាងណា ក្រោយការខកខានជួបគ្នាច្រើនឆ្នាំ ដោយសារការផ្អាកសកម្មភាពប្រកួតព្រោះកូវីដ-១៩ បានធ្វើឲ្យ អ៊ូ ផល្លា មិនហ៊ានសន្យាថា នឹងឈ្នះដាច់ខាតទេ ពីព្រោះកម្ពុជាមានការហ្វឹកហាត់ខ្លាំង ហើយប្រទេសផ្សេងៗក៏ហាត់ខ្លាំងដូចគ្នា។